ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់តូចចិត្តរឿងអ្នកភូមិនិយាយដើមខ្លួនមិនល្អ​ សុខចិត្តជិះម៉ូតូចេញពីខេត្តព្រៃវែងមកលោតទឹកពីលើស្ពានជ្រោយចង្វាបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូចេញពីខេត្តព្រៃវែងមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបានសម្រេច តែមិនស្លាប់ត្រូវអ្នកទេសចរឃើញបានជួយសង្គ្រោះស្រង់ឡើងលើគោកនិងបានជិះម៉ូតូឌុបមកដល់ទីតាំងចំណុចកើតហេតុវិញ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅលើស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

​    ជនរងគ្រោះមានឈ្មោះខាន់ និមល អាយុ 19 ឆ្នាំ មានស្រុកកកំណើតនៅឯខេត្តព្រៃវែង​ ។ 

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូតាមបណ្ដោយផ្លូវជាតិ៦អាឆ្ពោះមកលើស្ពានជ្រោយចង្វាក្នុងទិសដៅពីកើតមកលិច ខណះពេលធ្វើដំណើរមកដល់ពាក់កណ្ដាលស្ពានក៏ឈប់ម៉ូតូអែបកៀនខហើយចុះពីលើម៉ូតូឡើងលើបង្កាន់ដៃស្ពានលោតចូលទឹកលិចបាត់ឈឹង បន្សល់ទុកម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខខេត្តព្រៃវែង 1E.2027 កាបូបស្ពាយមួយ និងស្បែកជើងមួយគូនៅលើស្ពានជ្រោយចង្វាបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វាមកដល់ទីតាំងកើតហេតុបានយកសម្ភារៈជនរងគ្រោះទៅរក្សាទុកនៅក្នុងប៉ុស្តិ៍ជាបណ្ដោះអាសន្ន ។

​   លុះបានប្រហែលកន្លះម៉ោងក្រោយមកក៍មានទូកអ្នកទេសចរកំពុងដឹកអ្នកដំណើរឃើញយុវជនខាងលើរសាត់តាមទឹកហូរក្បែរនិងផ្សាររាត្រីព្យាយាមហែលឡើងគោក ខាងម្ចាស់ទូកឃើញក៏បានបោះពោងឱ្យតោងនិងបានជួយសង្គ្រោះស្រង់ឡើងគោក។ បន្ទាប់ពីឡើងលើគោកវិញ​ ជនរងគ្រោះបានជិះម៉ូតូឌុបទៅទីតាំងកើតហេតុ និងត្រូវបានប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជួយធ្វើការណែនាំនិងធ្វើការសាកសួរ​ ដោយជនរងគ្រោះបានបញ្ជាក់ថា គេតូចចិត្តរឿងអ្នកភូមិមើលងាយនិយាយដើមមិនល្អលើខ្លួនទើបគិតខ្លីយ៉ាងដូច្នេះ ។ 

​   ក្រោយមក​ ប្រជាពលរដ្ឋបានឌុបជនរងគ្រោះទៅប៉ុស្ដិ៍រដ្ឋបាលនគរបាលជ្រោយចង្វាដើម្បីទៅយកម៉ូតូ កាបូបស្ពាយនិងស្បែកជើង​ពីសមត្ថកិច្ចវិញ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖