ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ចប់នីតិវិធីជម្លោះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន , ម្ចាស់ឆ្កែមានការសោកស្ដាយ និងមិនបានគិតវែងឆ្ងាយ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញម្ចាស់ឆ្កែ និងយុវជន ណន សុខហេង មកបញ្ចប់នីតិវិធីជម្លោះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន, ម្ចាស់ឆ្កែមានការសោកស្ដាយ និងមិនបានគិតវែងឆ្ងាយ ! អរគុណ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។ 

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញនារីម្ចាស់ឆ្កែ មកជួបជាមួយយុវជន ណន សុខហេង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសម្រួលបញ្ចប់ជម្លោះ និងដកពាក្យបណ្តឹងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ 

នៅក្នុងការសម្របសម្រួលនេះ នារីជាម្ចាស់ឆ្កែ មានការសោកស្ដាយរាល់កំហុស ឆេវឆាវ និងមិនបានគិតវែងឆ្ងាយ រួចក៏លើកដៃសំពះយុវជន ណន សុខហេង ហើយយុវជន ណន សុខហេង ក៏លើកដៃសំពះសុំទោស ម្ចាស់ឆ្កែវិញទៅមកផងដែរ ក្លាយជាសីលធម៌ដ៏ល្អ ខ្មែរស្រឡាញ់ខ្មែរ។ 

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជួន ណារិន្ទ, នារីជាម្ចាស់ឆ្កែ បានអរគុណសម្ដេចតាតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅ រួចស្ម័គ្រចិត្តធ្វើកំណត់ហេតុព្រមព្រៀង និងដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់គ្នាចាប់ពេលនេះតទៅ។

ក្រោយបញ្ចប់ការបំពេញនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួចរាល់, សំណុំរឿងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ចប់តាមតាមផ្លូវច្បាប់។

 សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យយុវជន ណន សុខហេង អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន «ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ចូលជួបដើម្បីសម្របសម្រួលបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមសម្របសម្រួលដោយ ប្រធានគណៈកម្មាធិការនីតិកម្មព្រឹទ្ធសភា ស្នងការនគរបាលរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានអនុញ្ញាតឲ្យយុវជន ណន សុខហេង បានថតរូបអនុស្សាវរីយ៍ និងបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ និង៣៥លានរៀល ព្រមទាំងបានបង្កើតអាជីវកម្ម ឡដុត នំប៉័ងមួយនៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដល់ចៅប្រុស ដើម្បីប្រកបរបរចញ្ចឹមគ្រួសារ។

លើសពីនេះសម្ដេចតេជោ បានណែនាំចៅប្រុស ណន សុខហេង ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបអាជីវកម្មដែល សម្ដេចបានផ្ដល់អោយពេលនេះ ពិសេសត្រូវចេះយកលុយបង្កើតលុយ ហាមលេងល្បែងនិងស្មោះត្រង់ជាមួយប្រពន្ធ។ 

ការបញ្ចប់ជម្លោះក្រៅប្រព័ន្ធតុលាការ ជាចំណុចល្អបំផុត ដែលយើងមានឱកាសបង្កើនភាពស្និទស្នាលជាមួយគ្នា ។ សង្ឃឹមថា យើងទាំងអស់គ្នា ប្រកាន់ឱ្យបានខ្ជាប់ខ្ជួន កត្តាយោគយល់គ្នា ក្នុងសង្គម ៕

ដោយ ៖ សិលា


ចែករំលែក៖