ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖នៅថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងកោះហៅភាគីខាងរថយន្តនិងខាងម៉ូតូដែលមានទំនាស់តាមដងផ្លូវ ត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម មកធ្វេីការសាកសួរបំភ្លឺ ជុំវិញបញ្ហាដែលកេីតឡេីងកាលពីយប់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៤។
ពេលសាកសួរភាគីទាំងពីរបានទទួលស្គាល់ថា អ្វីដែលបានកេីតឡេីងនាយប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ នោះគឺដោយសារភាគីទាំងពីរមិនមានការយោគ យល់គ្នាក្នុងពេលធ្វេីចរាចរណ៍លេីដងផ្លូវ ទេីបបង្កទៅជាជម្លោះរវាងភាគីទាំងពីរនិងត្រូវបានគេថតបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម ។
បច្ចុប្បន្នពួកគាត់បានស្រុះស្រួល គ្នាបញ្ចប់បញ្ហានោះហេីយ ទន្ទឹមនេះសមត្ថកិច្ចបានធ្វេីការអប់រំណែនាំដល់ភាគីទាំងពីរកុំឱ្យមានសកម្មភាពបែបនេះបន្តទៀត នៅពេលក្រោយ ពិសេសត្រូវមានការយោគយល់អធ្យាស្រ័យគ្នាក្នុងពេលធ្វេីចរាចរណ៍តាមដងផ្លូវកុំបង្កជម្លោះនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ ឃេីញមានការបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម នូវឃ្លីបវីដេអូមួយដែលបង្ហាញនូវឥរិយាបថរបស់អ្នកបើកបររថយន្តមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2CA-1797 ទៅលើអ្នកជិះម៉ូតូមួយគ្រឿងដែលគ្នា០២នាក់មានផ្លាកលេខ បាត់ដំបង 1AM-2318 នៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងបាត់ដំបង ដែលឃ្លីបវីដេអូនេះធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម និងស្នើសុំឱ្យសមត្ថកិច្ចមានចំណាត់ការចំពោះបញ្ហានេះ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានបញ្ចប់ការសាកសួរនិងភាគីទាំងពីរបានស្រុះស្រួលគ្នាហេីយ គាត់បានវិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន។ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ៖ តារា