ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអនុញ្ញាតឱ្យសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ដ្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យណាហ្គោយ៉ា ពិនិត្យលទ្ធភាពក្នុងការបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដោយសិក្សាទៅលើគ្រឿងយន្តកសិកម្ម និងជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់ ផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដែលអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងជាធនធានមនុស្សមានចំណេះជំនាញពិតប្រាកដ។
បន្ថែមពីនេះ លោករដ្ឋមន្ដ្រី លេីកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ក្នុងការធ្វេីកម្មវិធីហាត់សិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដេីម្បីផ្លាស់ប្តូរបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ជាពិសេសបានស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។
សូមជម្រាបជូនថា គោលបំណងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ាក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងស្នើសុំការគាំទ្រពីក្រសួងកសិកម្មលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាហ្គោយ៉ា៕
ដោយ៖ តារា