អុីរ៉ង់អាចនឹងវាយប្រហារអុីស្រាអែលដោយកាំជ្រួចផ្លោងនិងយន្តហោះគ្មានមនុស្សបើកពីទឹកដីអុីរ៉ាក់នៅប៉ុន្មានថ្ងៃខាងមុខ។ ព័ត៌មានខាងលើត្រូវបានផ្តល់ដោយគេហទំព័រ Axios ដោយដកស្រង់ប្រភពពីរពីចារកម្មអុីស្រាអែល ហើយបាននិយាយថា អុីរ៉ង់អាចធ្វើសកម្មភាពមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី 5 ខែវិច្ឆិកា។
របាយការណ៍បាននិយាយថា “ការវាយប្រហារត្រូវបានគេរំពឹងថានឹងធ្វើឡើងពីប្រទេសអុីរ៉ាក់ដោយប្រើយន្តហោះគ្មានមនុស្សបើក (UAV) និងមីស៊ីលផ្លោងជាច្រើន” – របាយការណ៍បាននិយាយថា ហេតុផលដែលទីក្រុងតេអេរ៉ង់វាយប្រហារទីក្រុង Tel Aviv តាមរយៈកងជីវពលក្នុងប្រទេសអុីរ៉ាក់ ដើម្បីចៀសវាងការសងសឹករបស់អុីស្រាអែលប្រឆាំងនឹងគោលដៅនៅអុីរ៉ង់។
អុីស្រាអែល និងអុីរ៉ង់បានធ្វើការវាយប្រហារ “tit-for-tat” លើទឹកដីរបស់គ្នាទៅវិញទៅមក ចាប់តាំងពីការផ្ទុះជម្លោះនៅតំបន់ Gaza Strip កាលពីខែតុលាឆ្នាំមុន។ ប្រព័ន្ធការពារដែនអាកាសពហុស្រទាប់ ដែលត្រូវបានបង្កើតឡើងដោយការគាំទ្ររបស់សហរដ្ឋអាមេរិក ផ្តល់ឱ្យអុីស្រាអែលនូវជម្រើសបន្ថែមមួយចំនួនសម្រាប់ការបាញ់ទម្លាក់ UAVs របស់អុីរ៉ង់និងមីស៊ីលរយៈចម្ងាយឆ្ងាយ។
អុីស្រាអែលកាលពីថ្ងៃទី 26 ខែតុលា បានទម្លាក់គ្រាប់បែកយ៉ាងធំទៅលើអុីរ៉ង់ ជាការសងសឹកចំពោះទីក្រុងតេអេរ៉ង់ ដែលបានបាញ់កាំជ្រួចប្រហែល 180 គ្រាប់ឆ្ពោះទៅកាន់ទីក្រុង Tel Aviv នៅថ្ងៃទី 1 ខែតុលា។
អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់បានប្រកាសនៅដើមសប្តាហ៍នេះថាទីក្រុងតេអេរ៉ង់នឹង “ប្រើប្រាស់ឧបករណ៍ដែលមានទាំងអស់” ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អុីស្រាអែល។
ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងជាមួយគូប្រជែងអុីរ៉ង់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ចង់អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ណាមួយនៅក្នុងប្រទេសលីបង់។
នាយករដ្ឋមន្ត្រី Netanyahu បានប្រាប់បេសកជនពិសេសអាមេរិកពីរនាក់នៅថ្ងៃនេះថា “បញ្ហាចម្បងគឺ … សមត្ថភាព និងការប្តេជ្ញាចិត្តរបស់អុីស្រាអែលក្នុងការអនុវត្តកិច្ចព្រមព្រៀង និងទប់ស្កាត់ការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់ទីក្រុង Tel Aviv ពីប្រទេសលីបង់”៕
ដោយ៖ ធីរីណា(រូបថត៖ NLDO)