ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​៖​ វិស័យឯកជនអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកទូលាយ

ចែករំលែក៖

 ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក TARAS KACHKA អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្មនៃប្រទេសអ៊ុយក្រែន​ កាលពីថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៤ម្សិលមិញនេះ​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។

ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ​ កម្ពុជា-អ៊ុយក្រែន។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ និងជំរុញឱ្យវិស័យឯកជនអាចមានលទ្ធភាពធ្វើកសិ-ពាណិជ្ជកម្មជាមួយគ្នា ព្រមទាំងទទួលបានផលចំនេញទាំងអស់គ្នា។

សម្រាប់ការងារអភិវឌ្ឍ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះការវិនិយោគលើឃ្លាំងស្តុកសម្រាប់ការធ្វើកសិ-ពាណិជ្ជកម្ម ដែលការងារនេះអាចសហការជាមួយវិស័យឯកជន ដើម្បីកែច្នៃផលិតផលកសិកម្មកម្ពុជា ឈានពង្រីកទីផ្សារនាំចេញរវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងការងារវិនិយោគធាតុចូលកសិកម្ម​ លោករដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថា វិស័យឯកជននៃប្រទេសអ៊ុយក្រែនអាចពិនិត្យលទ្ធភាពក្នុងការបង្កើតស្លាកយីហោ ជី-ថ្នាំកសិកម្ម វ៉ាក់សាំងសត្វ និងគ្រាប់ពូជដំណាំផ្ទាល់ខ្លួន ដោយកម្ពុជាមានច្បាប់ដែលមានលក្ខណៈបើកទូលាយ និងលេីកទឹកចិត្តអ្នកវិនិយោគ។ 

យ៉ាងណាក៏ដោយ លោករដ្ឋមន្ដ្រី​ សង្កត់ធ្ងន់ថា អ្នកវិនិយោគត្រូវគោរពតាមគោលការណ៍ច្បាប់បទដ្ឋានត្រឹមត្រូវ ខណៈផលិតផលទាមទារឱ្យមានការពិនិត្យច្បាស់លាស់ពីអ្នកជំនាញ មានគុណភាពល្អ មានតម្លៃសមរម្យ និងមានបច្ចេកទេសពិតប្រាកដ៕

ដោយ​៖ តារា​


ចែករំលែក៖