ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ជាមុខសញ្ញាលួចយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពកាប់យកម៉ូតូពីយុវជនម្នាក់ កាលពីថ្ងៃទី២៨ខែតុលា ឆ្នាំ២០២៤វេលាម៉ោង១៣និង៣០នាទី នៅចំណុចភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អុល បញ្ញា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ វាលធ្នង់ ឃុំបុសខ្នុល ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យចំនួន០៣នាក់ ចាប់ខ្លួនបានម្នាក់ ឈ្មោះ ហេង ម៉េងចិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ទួលសូភី ឃុំ ព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល រីឯ២នាក់ទៀតរត់ចខ្លួន។ វត្ថុតាងចាប់យក ១-កាំបិតផ្កាក់ ផ្លែដែក ដងឈើ ចំនួន០១ ២-ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ មានផ្លាកលេខ ភ្នំពេញ 1BH-9011 (របស់ជនរងគ្រោះរកឃើញវិញ)
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង០៥នាទីជនសង្ស័យទាំង០៣នាក់ជុំគ្នានៅភូមិទួលសុភី រួចបានបបួលគ្នាថាទៅរកមើលលួចម៉ូតូគេ ដោយបានយកដាវ០១ដើមទៅជាមួយ។ លុះមកដល់វេលាម៉ោងកើតហេតុ បានឃើញជនរងគ្រោះឈប់ម៉ូតូអង្គុយហូបអីជាមួយមិត្តភក្កិនៅកន្លែងនោះ ជនសង្ស័យឈ្មោះ ហេង ម៉េងចិន បានយកដាវដេញកាប់ជនរងគ្រោះ ដោយភ័យជនរងគ្រោះ បានលោតចេញពីលើម៉ូតូ រួចរត់គេចខ្លួន ចំណែកជនសង្ស័យ០២នាក់ទៀតចាំមើលផ្លូវ បន្ទាប់ជនសង្ស័យឈ្មោះ ហេង ម៉េងចិន បានជិះម៉ូតូជនរងគ្រោះគេចចេញពីកន្លែងកើតហេតុយកផ្លុងចោលចំងាយប្រហែល៦០០ម៉ែត្រពីកន្លែងកើតហេតុ ដើម្បីអោយបក្ខពួកទៅយក ភ្លាមនោះមានប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ រួចចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវស្វែងរកឃើញម៉ូតូជនរងគ្រោះបានមកវិញ ចំណែកជនសង្ស័យនាំគេចខ្លួនបាត់អស់។លុះថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានធ្វើការស្រាវជ្រាវនិងស្វែងរកឃើញជនសង្ស័យខាងលើនិងនាំខ្លួនយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាខ្លួននិងបក្សពួកពិតជាបានយកដាវដេញកាប់ជនរងគ្រោះប្លង់យកម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួមតាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បិកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ