ព័ត៌មានទាន់ហេតុការណ៍៖

កុំឱ្យមានការលួចបន្លំ! មន្ត្រីជំនាញ ចុះដាក់ជញ្ជីងសុវត្ថិភាពនៅតាមផ្សារនានាក្នុងខេត្តកំពង់ចាម ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ និងប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដើម្បីរក្សាតម្លាភាពរវាងក្រុមអាជីវករ អ្នកលក់ដូរទំនិញ ជាមួយ នឹងប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញផ្សេងៗ ឱ្យជៀសផុតពីការបន្លំភ្នែកជញ្ជីង មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ខេត្តកំពង់ចាម ដឹកនាំដោយលោក ពូន រុន ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ចាម សហការនឹងអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធបានចុះបំពាក់ជញ្ជីងគំរូចំនួន ៣ទីតាំងផ្សេងគ្នា ក្នុងផ្សារកំពង់ចាម គឺផ្សារព្រែកដំបូក ស្រុកស្រីសន្ធរ,ផ្សារផ្អាវ ស្រុកបាធាយ និងផ្សារភ្នំ ស្រុកកំពង់សៀម ។

លោក ពូន រុន ប្រធានមន្ទីរ បានឱ្យដឹងថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណកម្មាការផ្សារទាំង៣ បានដំឡើងជញ្ជីងគំរូដែលមានសុក្រឹត ភាពច្បាស់ លាស់ជាច្រើនទីតាំង ដល់ប្រជាពលរដ្ឋ ដែលទិញទំនិញ បន្លែ ផ្លែឈើ ត្រី សាច់ នៅក្នុងផ្សារ ដើម្បីប្រើប្រាស់ក្នុងការថ្លឹង ផ្ទៀងផ្ទាត់គីឡូជាមួយភ្នែកជញ្ជីងរបស់អ្នកលក់ ជៀសវាងការខាតបង់នានា។

លោក ពូន រុន បញ្ជាក់បន្ថែមថា ទន្ទឹមនឹងការដំឡើងជញ្ជីងយុត្តិធម៌នៅក្នុងផ្សារទាំង ៣ ក្នុងខេត្តកំពង់ចាម មន្ទីរជំនាញក៏បានរៀបចំដំឡើងជញ្ជីងយុត្តិធម៌ដូចគ្នានៅតាមផ្សារនានាក្នុងបណ្តាស្រុក-ក្រុងផ្សេង ទៀតផងដែរ ដើម្បីឱ្យមានភាពយុត្តិធម៌ និងតម្លាភាពរវាងអ្នកលក់ និងអ្នកទិញ។ ទន្ទឹមការរៀបចំឱ្យមានជញ្ជើងយុត្តិធម៌នៅតាមផ្សារនេះដែរ ប្រធានមន្ទីរជំនាញក៏ បានប្រាប់ដល់អាជីវករលក់ដូរទាំងអស់ ត្រូវយកជញ្ជីងដែលថ្លឹងបន្លែ ត្រី សាច់ បន្លែផ្លែឈើនានារបស់ខ្លួនទៅមន្ទីររៀងរាល់ម៉ោងធ្វើការ ដើម្បីត្រួតពិនិត្យបច្ចេកទេស និងលក្ខណៈត្រឹមត្រូវឱ្យបានច្បាស់លាស់ ផ្ទៀងផ្ទាត់ និងផ្តល់ទំនុកចិត្តដល់អតិថិជនរបស់ខ្លួន។

លោក ពូន រុន បានលើកឡើងថា ផ្នែកជញ្ជីងរបស់ក្រុមអាជីវករតែងតែជាបញ្ហាចោទរបស់អតិថិជន ហើយកន្លងមកបញ្ហានេះក៏ក្លាយជាភាពថ្នាំងថ្នាក់រហូតក្លាយជាទំនាស់ពាក្យសំដី និងពេលខ្លះស្ទើរក្លាយជាហិង្សាក៏មាន។ ពេលខ្លះទិញមួយគីឡូបានត្រឹម៩ខាំ ឬ៨ខាំកន្លះប៉ុណ្ណោះ តែពេលដែលមន្ទីរជំនាញរៀបឱ្យមានជញ្ជីងផ្ទៀងផ្ទាត់នេះសង្ឃឹមថា ក្រុមអាជីវករដែលមានគំនិតទុច្ចរិតកន្លងមកនឹងលែងហ៊ានបំបាត់ភ្នែកជញ្ជីងដូចមុនទៀត។ ក្រៅពីនេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទាំងអាជីវករនិងអ្នកទិញ ត្រូវចូលរួមថែរក្សាជញ្ជីងគំរូឱ្យបានល្អ យូរអង្វែង ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា។

បញ្ជាក់ផងដែរថា ជញ្ជីងគំរូនេះបច្ចុប្បន្នមន្ទីរឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេក​វិទ្យា​ និងនវានុវត្តន៏​ ខេត្តកំពង់ចាម​ បានដាក់ជញ្ជីងគំរូបបានចំនួន ១៩/២៩​ ផ្សារក្នុងខេត្តកំពង់ចាម​ ស្មេីនឹង​  ៦៥.៥១​ %​ ហេីយ​ ៕

ដោយ៖ សូរិយា


ចែករំលែក៖