ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងវប្បធម៌នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា តាមរយៈនៃមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជនដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ 

លោកបន្តថា មហោស្រពនេះធ្វើឡើងដើម្បីប្រកួតប្រជែងវាស់ស្ទង់កម្រិតសមត្ថភាពរបស់យុវផលិតករវ័យក្មេងព្រមទាំងចែករំលែកបទពិសោធន៍ថ្មីៗក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ធនធានមនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងដើម្បីបង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែលមិនត្រឹមតែជួយអភិវឌ្ឍវិស័យភាពយន្តប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិផងដែរ។

សំឡេង ៖ « គឺគោលបំណងរបស់យើងគឺការជំរុញ និងលើកទឹកចិត្តដល់យុវជន ដែលចូលចិត្តស្រលាញ់គាំទ្រ វិស័យភាពយន្ត មានឱកាសបញ្ចេញស្នាដៃ ផលិតនូវភាពច្នៃប្រឌិតរបស់ខ្លួន តាមរយៈការផលិតភាពយន្តដើម្បីចាក់បញ្ចាំង។ ហើយវាក៏ជាផ្នែកមួយជួយគាំពារដល់វិស័យភាពយន្តក្នុងស្រុកជាពិសេសវិស័យភាពយន្តបច្ចុប្បន្ន កំពុងមានតម្រូវការផលិតករថ្មីៗបន្ថែមទៀត។» 

បើតាមលោក ប៉ុក បូរក្ស បន្ទាប់ពីបានបិទបញ្ចប់ការទទួលពាក្យចូលរួមប្រកួតប្រជែងរបស់យុវជនផលិតករ ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ គឺក្រុមការងារទទួលបានស្នាដៃពីផលិតករក្នុងស្រុកចំនួន៧០ស្នាដៃ  ក្នុងនោះមានស្នាដៃសម្រាប់ប្រកួតប្រជែងមានចំនួន៤០ស្នាដៃ និងស្នាដៃក្រៅការប្រកួត ប្រហែលជាង២០ស្នាដៃ ដើម្បីចូលរួមផ្សព្វផ្សាយ។

សំឡេង៖ « ពាក់ព័ន្ធទៅនឹងការការរៀបចំមហោស្រពនេះ យើងនឹងគ្រោងធ្វើពិធីបើកនាថ្ងៃទី២៥ ខែវិចិ្ឆកា នៅសាលសន្និសីទចតុម្មុខ ហើយយើងរៀបចំពិធីបិទ និងប្រកាសជាផ្លូវការផ្តល់ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ មកដល់ថ្ងៃនេះយើងបានបិទបញ្ចប់ការទទួលពាក្យចូលរួមប្រកួតប្រជែងរបស់យុវជនផលិតករ ត្រឹមថ្ងៃទី៣១ ខែតុលា យើងបានបិទបញ្ចប់ការទទួលពាក្យរួចរាល់ហើយ។ តទៅនេះក្នុងដំណើរការរៀបចំ យើងយកស្នាដៃភាពយន្តសម្រាប់ចូលរួមប្រជែងទាំងអស់នេះ យកទៅសម្រាប់គណៈកម្មាធិការមេប្រយោគពិនិត្យវាយតម្លៃ និងធ្វើការជ្រើសរើសភាពយន្ត សម្រាប់ទៅក្នុងវគ្គផ្តាច់ព្រ័ត្រ។ ហើយក្នុងអំឡុងពេលនៃការរៀបចំពិធីចន្លោះពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តនៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទស្សនិកជន មហាជនចូលទស្សនាគាំទ្រស្នាដៃផលិតកររបស់យើង ឬអាចបោះឆ្នោតជ្រើសរើសស្នាដៃភាពយន្តណាដែលខ្លួនពេញចិត្ត ដែល ផ្តល់ជាពិន្ទុ ក្នុងន័យថា ផ្តល់ជារង្វាន់ដែលភាពយន្តនោះមានមហាជនគាំទ្រច្រើន ជាផ្នែកមួយផងដែរ។…ថែមទៀត»។

សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖