ព័ត៌មានទាន់ហេតុការណ៍៖

បាត់ប្តី២ថ្ងៃបែរជាប្រជាពលរដ្ឋមកប្រទះឃើញសពអណ្តែតទឹក ក្នុងអាងទឹកអូរខៃដនទាំងមានចំណងភ្ជាប់ ដោយដុំដែកចំនួន០២ដុំ

ចែករំលែក៖

ប៉ោយប៉ែត៖ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកដោយជាប់ចំណង និងដុំដែកក្នុងអាងទឹកអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១វិច្ឆិកា២០២៤ ក្រោយស្រ្តីជាជនជាតិខ្មែរម្នាក់ បានបាត់ប្តីជាជនជាតិចិន ពីរថ្ងៃប្តឹងសមត្ដកិច្ចឱ្យជួយស្វែងរក។

បើតាមសម្តីស្រ្តីជាជនជាតិខ្មែរឈ្មោះ ទូច កញ្ញា ហៅហេង  អាយុ៣១ឆ្នាំ បានឲ្យដឹងថា ជាប្រពន្ធសពខាងលើបានប្តឹងសមត្ថកិច្ចបាត់ប្ដីឈ្មោះ ជឹង ហ័រកាង ហៅខាង អាយុ៣១ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលបានបាត់ខ្លួន កាលពីវេលាម៉ោង០៣ និង០៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីឌឹផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងទៀតថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបានជិះរថយន្តម៉ាក Rang Rover ពណ៌ស ផលិតឆ្នាំ២០១៥ ផ្លាកលេខ ភ្នំពេញ 2BA 8553 ទៅលេងផ្ទះបងប្អូនជីដូនមួយនៅបុរីឌឹផាកស៊ីធី ក្រោយមក នៅវេលាម៉ោង០១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ប្ដីរបស់ខ្លួនបាន ចេញពីផ្ទះបងប្អូន វិញក៏បាត់ដំណឹងសូន្យឈឹងតែម្ដង។ 

បន្ទាប់ពីបានទទួលពាក្យបណ្ដឹង ពីស្រ្តីជាប្រពន្ធសមត្ដកិច្ច បានស្រាវជ្រាវ រហូតដល់ម៉ោង៣រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបុរីខេអិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត សមត្ថកិច្ចអាវុធហត្ថ បានប្រទះឃើញរថយន្តជនរងគ្រោះខាងលើបានប្លុងចោល និងបានដោះស្លាកលេខចេញ ក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពតាមផ្លូវក្នុងបុរីខេអិនប្រទះឃើញថា កាលពីវេលាម៉ោង០១ និង២០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានរថយន្តចំនួន០១គ្រឿងម៉ាក Hyundai Starex ពណ៌ទឹកប្រាក់ បានជិះនាំមុខរថយន្តខាងលើយកមកប្លុងចោលនៅក្នុងបុរី រួចក៏បានចេញពីបុរីបាត់ដំណឹងតែម្ដង។ ចំពោះរថយន្តជនរងគ្រោះត្រូវបានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រូលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បាននាំយក រថយន្តខាងលើមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។រហូតដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០៦ និង០០នាទីព្រឹក ទើប សមត្ថកិច្ចអាវុធហត្ថបានទទួលព័ត៌មាន ពី ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនៅអាងទឹកអូរខៃដនតែម្តង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងដែរថា សពជនរងគ្រោះខាងលើ មាន សភាពហើមជាំ និង មានចង ភ្ជាប់ ដោយដុំដែក ចំនួន ០២ដុំ ទម្ងន់២០គីឡូក្រាម។ បច្ចុប្បន្ន សាកសព កម្លាំង ជំនាញកំពុងធ្វើ កោសល្យវិច័យ ចំណែកជន សង្ស័យកំពុងស្រាវជ្រាវបន្ត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖