ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈព្យុះទី២១ឈ្មោះកង្រី (Kong-rey)នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់ មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគ ខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល គ្នាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣០%។
២-តំបន់ខ្ពង់រាប៖
– សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មក ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសពាយ័ព្យមានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ដោយ៖ តារា