ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យុវជនម្នាក់បង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន នាំឲ្យរងការរិះគន់តាមបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងឃាត់ម៉ូតូទុកបណ្តោះអាសន្នរយៈពេល០៣ខែ។
សមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌខណ្ឌចំការមន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវ និងកោះហៅហើយបានចូលខ្លួនចំពោះយុវជនម្នាក់ ដែលជិះម៉ូតូ SCOOPY ឌុបគ្នា បង្ហោះកង់មុខ នៅលើកំណាត់ផ្លូវម៉ៅសេទុង មុខវត្តទួលទំពូង សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ០២:៣០នាទីយប់រំអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មកសួរនាំ។
ជាក់ស្ដែងសមត្ថកិច្ចជំនាញ បានធ្វើការអប់រំដោយឲ្យធ្វើកិច្ចសន្យានិងមានការធានាពីអាណាព្យាបាល ហើយដកហូតម៉ូតូរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាល រយៈពេល០៣ខែ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីជាការព្រមាននិងឲ្យមានការរាងចាល៕
ដោយ៖ តារា