ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ ឃាត់ខ្លួនក្រុមក្មេងទំនើង​ ៣នាក់​ ក្រោយធ្វើសកម្មភាពកាប់យុវជនម្នាក់​ និងលួចយក​ស្លាកលេខ​ម៉ូតូ​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន ចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងថា​ លោកវរ​សេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្រ្កាប​ និងឃាត់ខ្លួន​ជនស័ង្សយចំនួន០៣នាក់​ នាំមកកាន់អធិការដ្ឋាន ដេីម្បីធ្វេីការសាកសួរ​តាមនីតិវិធីច្បាប់​ បន្ទាប់ពី​ពួកគេ​បានធ្វេី​សកម្មភាព​បង្កហិង្សាលើអ្នកដទៃ​ កាលពីនៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញនេះ​។ 

ជនសង្ស័យ​ចំនួន​ ០៣នាក់នេះរួមមាន៖​

១-ឈ្មោះ ម៉ៃ សុផាន់ណា ហៅបឹប ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

២-ឈ្មោះ ញ៉ាញ់ ដែន ភេទប្រុស រស់នៅភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

៣-ឈ្មោះ កុសល្យឧត្ដម ភេទប្រុស រស់ នៅភូមិ បឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំណែក​វត្ថុ​តាង​ចាប់យកពីជនសង្ស័យរួមមាន​៖

១-ម៉ូតូ០២គ្រឿង (ម៉ាកហុងដាទ្រីម​សេ១២៥ C125 ពណ៌ខ្មៅសេរីឆ្នាំ 2017ផ្លាកលេខ បាត់ដំបង 1AA- 9580 និងម៉ាកហុងដាទ្រីម C125 ពណ៌ខ្មៅសេរីឆ្នាំ2021ផ្លាក លេខ បាត់ដំបង 1AM-8328 

២-កាំបិត​កែច្នៃ០១ដើម

៣-ផ្លាកលេខម៉ូតូបាត់ដំបង1AI-​53​81ចំនួន០១ (ជារបស់ម៉ូតូជនរងគ្រោះ )។ 

គួរបញ្ជាក់ថា​ មូលហេតុនៃការឃាត់ខ្លួននេះ​ គឺកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២​០​២៤ វេលាម៉ោង២២​និង​០៥ នាទី ស្ថិត​ក្នុងក្រុមទី០១ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី លួចដោយ​មានស្ថានទម្ងន់ទោសដោ​យ​សារការប្រព្រឹត្តអំពើហិង្សា មួយបានកើតឡើងប្រព្រឹត្តដោយជនសង្ស័យមានគ្នា០៥នាក់​ជិះម៉ូតូ០២គ្រឿង កាប់ទៅលេីជនរងគ្រោះឈ្មោះសិន វិ សាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈជនរងគ្រោះជិះម៉ូតូ​០១គ្រឿង ម៉ាកហុងដាទ្រី សេរីឆ្នាំ2020 ពាក់ផ្លាកលេខ បាត់ដំបង 1AI- 53 81 វិលត្រឡប់ពីស្រុកមោងឫស្សីទៅលំនៅដ្ឋានវិញ បណ្ដាលឱ្យរងរបួសធ្ងន់ហើយក្រុមជនសង្ស័យក៏បានកាប់លួចយកស្លាកលេខម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួន បាត់តែម្ដង។ 

ក្រោយកេីតហេតុ​ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅសង្រ្គោះនៅមន្ទីរពេទ្យ​ និងបានប្តឹងផងដែរ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន០៣នាក់​ កំពុង​រៀបចំសំណុំរឿងបញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដើម្បី​អនុវត្តបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖ តារា​


ចែករំលែក៖