ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាចអំពើហិង្សាផ្ទុះឡើងក្នុងពេលបោះឆ្នោត អាមេរិកដាក់ពង្រាយឆ្មាំការពារជាតិដើម្បីទប់ស្កាត់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee កាលពីថ្ងៃសុក្រ ទី១ ខែវិច្ឆិកា បាននិយាយថា លោកបានដាក់ឱ្យសមាជិកកងឆ្មាំការពារជាតិអាមេរិកមួយចំនួនប្រុងជើងការ បន្ទាប់ពីទទួលបានព័ត៌មាននិងការព្រួយបារម្ភពីលទ្ធភាពផ្ទុះអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតិអាមេរិក ដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ។
បើតាមការស្ទង់មតិ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ត្រូវបានរំពឹងថាអាចនឹងយកឈ្នះលើលោក ដូណាល់ ត្រាំ យ៉ាងងាយស្រួល នៅក្នុងរដ្ឋវ៉ាស៊ីនតោន។ ការសម្រេចចិត្តដាក់សមាជិកកងឆ្មាំការពារជាតិអាមេរិកមួយចំនួនប្រុងជើងការរបស់លោក Jay Inslee ធ្វើឡើងបន្ទាប់ពីធុងហិបឆ្នោតខ្លះត្រូវបានភ្លើងឆេះ កាលពីដើមសប្ដាហ៍កន្លងទៅនេះ។
លោក Jay Inslee បានគូសបញ្ជាក់នៅក្នុងលិខិតមួយចេញផ្សាយនៅលើគេហទំព័ររបស់លោក ដូច្នេះថា «ដោយផ្អែកលើព័ត៌មានទូទៅ និងជាក់លាក់ ព្រមទាំងការព្រួយបារម្ភ ពាក់ព័ន្ធនឹងលទ្ធភាពផ្ទុះអំពើងហិង្សាឬសកម្មភាពខុសច្បាប់ដទៃទៀតពាក់ព័ន្ធនឹងការបោះឆ្នោតសកលឆ្នាំ២០២៤ ខ្ញុំចង់ធានាឱ្យបានថា យើងបានត្រៀមលក្ខណៈពេញលេញដើម្បីឆ្លើយតប»។ លោកបន្ថែមថា សន្លឹកឆ្នោតរាប់រយត្រូវបានបំផ្លាញ ឬខូចខាតដោយសារមានអ្នកទម្លាក់វត្ថុអាចឆាបឆេះនៅក្នុងហិបឆ្នោត នៅទីក្រុង Vancouver។
ការបោះឆ្នោតមុនកំណត់កំពុងប្រព្រឹត្តទៅនៅរដ្ឋវ៉ាស៊ីនតោន ហើយមានប្រជាជនជាង ២លាននាក់បានបោះឆ្នោតរួចរាល់។ នេះបើតាមស្ថាប័ន Election Lab នៃសាកលវិទ្យាល័យ Florida៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖