ថៃ៖ កាលពីរសៀលថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាជំរុញ និងទាក់ទាញវិនិយោគ ដែលសហការរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC) ដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិនតាមរយៈយន្តការប្រទេសបូក (Thailand +1)។ កម្មវិធីនេះក៏មានការចូលរួមពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាងកក (JCC), លោក លោកស្រីជាថ្នាក់ដឹកនាំពីក្រសួងស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ ២០០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់កម្ពុជាលើកិច្ចការងារវិនិយោគ ពិសេសការចូលរួមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចការងារទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅជំរុញកម្ពុជាចូលរួមឱ្យបានកាន់តែប្រសើរក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។ តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និងផ្ដល់ការលើកទឹកចិត្តជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។ ក្នុងឱកាសនៃសិក្ខាសាលានេះ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមានដែលវិនិយោគិន ពិសេសវិនិយោគិនជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួនតាមរយៈយន្តការប្រទេសបូក ដោយទាញយកសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។
មានប្រសាសន៍ក្នុងសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ JETRO ទាំងប្រចាំកម្ពុជា និងថៃ ដែលបានសហការរៀបចំកម្មវិធីនេះឡើង។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូនអំពីភាពអំណោយផលនៃស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច, មានទីផ្សារសេរី និងមានភាពទូលំទូលាយតាមរយៈយន្តការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី បូករួមទាំងការចូលប្រើប្រាស់កូតាដោយឥតគិតថ្លៃទៅកាន់ទីផ្សារសំខាន់ៗជាច្រើនដែលកម្ពុជាទទួលបាន, កម្លាំងពលកម្មវ័យក្មេង ដែលប្រកបទៅដោយជំនាញ ភាពស្វាហាប់ និងអាចបណ្តុះបណ្តាលបាន, ពិសេសកម្ពុជាបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទសដែលគាំទ្រដល់ធុរកិច្ចផងដែរ។ តាមរយៈសក្ដានុពលទាំងនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលការវិនិយោគរបស់គ្រប់បណ្ដាវិនិយោគិនដែលជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា៕
ដោយ ៖ សិលា