ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) អនុស្សរណៈ”ការកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០ នៅប្រទេសកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិតសភាកម្ពុជា(RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល(SNU) ស្តីពី”ការកសាងសាលារៀនទឹកភ្លៀងចំនួន១០០០ នៅប្រទេសកម្ពុជា”។

គម្រោងនេះ រៀបចំឡើងក្នុងគោលបំណង៖ (១). សហការសាងសង់សាលាទឹកភ្លៀងចំនួន ១០០០ សាលារៀននៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ (២). កែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាល បច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស (៣). ណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា (៤). ប្រមូលផ្តុំ និងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និង(៥). បង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវទឹកភ្លៀង និង មជ្ឈមណ្ឌលគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពនៃសាកលវិទ្យាល័យជាតិសេអ៊ូល។

មានប្រសាសន៍ក្នុងឱកាសនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ រាជ បណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល ដែលបានសហការគ្នាក្នុងការបង្កើត”គម្រោងសាលាទឹក ភ្លៀងក្នុងប្រទេសកម្ពុជា”នេះឡើង ដែលគម្រោងនេះបឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់អនុវត្តទឹកស្អាត និងអនាម័យ នៅតាមសាលារៀន ជាពិសេសគាំទ្រដល់ការ អនុវត្តស្តង់ដាសាលារៀនគំរូ។ បន្ថែមលើនេះ លោកស្រីរដ្ឋលេខាធិការប្រចាំការ ជឿជាក់ថា គម្រោងនេះ នឹងជួយផ្តល់ផលប្រយោជន៍ដល់សិស្ស និងសហគមន៍សាលារៀនក្នុងប្រទេសកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាតដែលមានគុណភាពខ្ពស់ តាមរយៈការអនុវត្តប្រព័ន្ធទឹកសម្រាប់ផឹកនិងសម្រាប់សហគមន៍ ដោះស្រាយបញ្ហាបរិស្ថាន និងសុខភាពសំខាន់ៗ លើក កម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់សម្រាប់ការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រី រដ្ឋលេខាធិការប្រចាំការ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការយ៉ាងមុតមាំពី រាជបណ្ឌិតសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល ក្នុងការបង្កើតគម្រោង ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០៕

ដោយ៖ សូរិយា


ចែករំលែក៖