ប៉ាគីស្ថាន៖ យោងតាមព័ត៌មានចុងក្រោយ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ និងជាង ៤០នាក់រងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅស្ថានីយ៍រថភ្លើង ក្នុងរដ្ឋធានី Quetta ខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា នៅពេលមានការផ្ទុះ រថភ្លើងមួយកំពុងរៀបចំចេញដំណើរពីស្ថានីយ៍នេះទៅកាន់ទីក្រុង Peshawar នៃខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
មន្ត្រីប៉ូលីសខេត្ត Balochistan លោក Mouzzam Jah Ansari បាននិយាយថា គោលដៅនៃការវាយប្រហារនេះគឺទាហានមកពីសាលាហ្វឹកហ្វឺនថ្មើរជើង ហើយអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កងទ័ពរំដោះ Baloch (BLA) ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនបានសារភាពថាបានធ្វើការវាយប្រហារនេះ ។ ក្រុម BLA គឺជាក្រុមឧទ្ទាមជនជាតិភាគតិចធំជាងគេបំផុតដែលបះបោរប្រឆាំងនឹងរដ្ឋាភិបាលប៉ាគីស្ថាន ដោយអះអាងថាខ្លួនកេងប្រវ័ញ្ចដោយអយុត្តិធម៌ចំពោះធនធានឧស្ម័ន និងរ៉ែដ៏សម្បូរបែបរបស់ខេត្ត។
យោងតាមមន្ត្រីប៉ូលិសម្នាក់ទៀត លោក Muhammad Baloch នេះហាក់ដូចជាការបំផ្ទុះគ្រាប់បែកអត្តឃាត ហើយប៉ូលីសកំពុងធ្វើការស៊ើបអង្កេតសម្រាប់ព័ត៌មានបន្ថែម។
នៅក្នុងខែសីហាឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ 73 នាក់ត្រូវបានសម្លាប់នៅក្នុងខេត្ត Balochistan បន្ទាប់ពីខ្មាន់កាំភ្លើងបំបែកខ្លួនបានវាយប្រហារស្ថានីយ៍ប៉ូលីស ផ្លូវរថភ្លើង និងផ្លូវហាយវេនៅទីនេះ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN