ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានីជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងសហការី បានចុះជួបសំណេះ សំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្ថិតក្នុងបរិវេណវត្តប្រជុំសាគរ ខណ្ឌជ្រោយចង្វារ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល ឧបនាយករដ្ឋមន្ត្រី បានជូនពរ និងលេីកទឹកចិត្តដល់កីឡាករចំណុះទូកទាំងអស់ ចូលរួមថែរក្សាសុខភាពឱ្យបានល្អ  និងសុវត្តិភាពផ្ទាល់ខ្លួន ជៀសវាងឱ្យបាននូវគ្រឿងស្រវឹង ក្នុងអំឡុងពេលនៃការហាត់សម និងការប្រកួត ព្រមទាំងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត និងរួមគ្នាជាធ្លុងមួយក្នុងស្មារតីជាក្រុមប្រកបដោយសាមគ្គីភាព យកជ័យជម្នះ ដើម្បីមុខមាត់ខេត្តកំពង់ស្ពឺ។ 

ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានចុះពិនិត្យការរៀបចំ ការតុបតែង ការដំឡើងប្រទីបក្រសួងមុខងារសាធារណៈ និងប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនាពេលខាងមុខនេះ ខេត្តកំពង់ស្ពឺ មានទូកចំនួន៤ ដែលមានចំណុះទូកសរុប ២០០នាក់ ចូលរួមប្រកួតរួមមាន៖ ១)ម៉ានីតេជះសែនជ័យ ,២)ម៉ានីធិបតី សែនជ័យ ,៣)សោភ័ណតេជោមានជ័យបារមីកំពង់ស្ពឺ និង៤)ម៉ានីតេជះសែនជ័យបារមីកំពង់ស្ពឺ៕

ដោយ៖ សូរិយា


ចែករំលែក៖