ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ដមួយគ្រឿងម៉ាក Toyota Hilux revo ជ្រុលចង្កូតទៅបុករថយន្ដស៊េរីទំនើបម៉ាករថយន្តRANGE ROVER មួយគ្រឿងត្រង់ចំណុចស្ដុប៩២ ចំពីចំហៀងកង់មុខដាច់កាឡេ ហេីយរថយន្ដរុញឡើងសួនផ្លូវរួចក៏ព្យាយាមបន្ថែមល្បឿនរត់គេចទៅមុខប្រហែលជាង១គីឡូម៉ែត្រក៏ទៅបុករថយន្ដmorning មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែកម្ចាស់រថយន្ដបង្កត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ត្រូវថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវ៩២ ត្រង់ចំនុចស្ដុប៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញមានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2 BZ .3783 បើកបរដោយបុរសម្នាក់និងស្រ្ដីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៩២ ទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម លុះដល់ចំនុចស្ដុប៩២ក៏បានឆ្លងផ្លូវ ក្នុងអំឡុងពេលនោះដែលស្រាប់តែមានរថយន្ដម៉ាកToyota hilux revo មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខខេមរៈភូមិន្ទ09 2.3221 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងមកជើង លុះធ្វើដំណើរដល់ចំនុចកើតហេតុក៍បួងចង្កូតទៅបុករថយន្ដ RANGE ROVER ដែលឆ្លងកាត់ផ្លូវចំពីហៀងខាងឆ្វេងកង់រុញខ្ទប់ឡើងលើសួនផ្លូវបណ្ដាលឲ្យដាច់កាឡេកង់រថយន្ដចេញពីគ្នា ចំណែករថយន្ដបង្កមិនបានឈប់នៅដោះស្រាយនោះទេ ក៏បានបន្ថែមលឿនរថយន្ដឆ្ពោះទៅតាមផ្លូវហាណូយទៅមុខបានប្រហែលជាង១គីឡូម៉ែត្រទៀតក៍បានបួងចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក morning ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY .4616 ដែលបើកដោយស្រ្ដីម្នាក់ដែលកំពុងឆ្លងកាត់ផ្លូវបណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែកម្ចាស់រថយន្ដបង្កនៅតែព្យាយាមបើករត់ តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការប្រដេញឃាត់ខ្លួនបានយកមកប៉ុស្ដិ៍នគរបាលឃ្មួញដើម្បីសួរនាំ។ ដោយឡែករថយន្ដដែលបង្ករងការខូចខាតផ្នែកពីមុខយ៉ាងដំណំនិងបែកធុងទឹកផងដែរ ។ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនមានអ្នកណារងរបួសនោះទេ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមក និងទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្ដទាំងសងខាងចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ