មនុស្សរាប់ម៉ឺននាក់បានចូលរួមក្នុងការតវ៉ាមួយនៅក្នុងទីក្រុង Valencia ភាគខាងកើតប្រទេសអេស្ប៉ាញ ដើម្បីតវ៉ាចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលក្នុងតំបន់ចំពោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញដែលបានសម្លាប់មនុស្សជាង 220 នាក់។នៅល្ងាចថ្ងៃទី 9 ខែវិច្ឆិកា ហ្វូងមនុស្សបានសម្រុកចូលទីស្នាក់ការមជ្ឈមណ្ឌលរដ្ឋបាល Valencia ដើម្បីទាមទារឱ្យលោក Carlos Mazon ចុះចេញពីតំណែង។ ពួកគេបានស្រែកថា “ឃាតករ!” ដើម្បីសម្តែងការខឹងសម្បារចំពោះការឆ្លើយតបយឺតរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ក្រុមបាតុករបានលើកស្លាកបដាដែលសរសេរថា៖ «ដៃយើងកខ្វក់ ដៃអ្នកប្រឡាក់» ។ អ្នកតវ៉ាខ្លះបានគប់ស្បែកជើងកខ្វក់នៅខាងក្រៅអគាររដ្ឋាភិបាល ហើយអ្នកខ្លះទៀតបានលាបភក់។ ប្រជាពលរដ្ឋនៅតំបន់រងគ្រោះបានចោទប្រកាន់ថ្នាក់ដឹកនាំតំបន់ថា ចេញការព្រមានយឺតពេល នៅវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែតុលា បន្ទាប់ពីទឹកបានជន់លិចទីក្រុង និងភូមិជាច្រើននៅក្បែរនោះទៅហើយ។
លោក Anna Oliver ប្រធានក្រុមហ៊ុន Accio Cultural del Pais Valenciano ម្នាក់ក្នុងចំណោមក្រុមប្រហែល 30 នាក់ដែលរៀបចំការតវ៉ាបាននិយាយថា “យើងចង់បង្ហាញពីការខឹងសម្បារ និងកំហឹងរបស់យើងចំពោះការគ្រប់គ្រងមិនត្រឹមត្រូវនៃគ្រោះមហន្តរាយដែលបានប៉ះពាល់ដល់មនុស្សជាច្រើន” ។
ទោះបីជាការតវ៉ាមានសន្តិភាពភាគច្រើនក៏ដោយ ក៏ក្រុមបាតុករមួយចំនួនបានគប់ដុំថ្ម និងវត្ថុផ្សេងៗទៀតនៅអគារក្រុមប្រឹក្សាក្រុង បណ្តាលឱ្យខូចខាតបន្តិចបន្តួច៕
ដោយ៖ ធីរីណា(រូបថត៖ tienphong)