ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាបុត្រទី៤ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហោះលើផេកផ្លូវការថា : ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ។
លោកបានបន្តថា , អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពីepisodeនេះមកពិចារណាគឺ៖
១ វិជ្ជាជីវៈសារព័ត៌មាន
២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។
ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?
យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?
ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង ។
សូមបញ្ជាក់ថា , នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា : ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បីបង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង ៕
ដោយ ៖ សិលា