ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ជួបសំណេះសំណាល និងពិធីពិសាអាហារស្និទ្ធស្នាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ ឆ្នាំ២០២៤

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញក្នុងពិធីសំណេះសំណាល និងពិធីពិសាអាហារស្និទ្ធស្នាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដើម្បីអបអរសាទរ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ចំពោះយោធិន នៃកងរាជអាវុធហត្ថ ដែលបានចូលសោធននិវត្តន៍-ពិការ និងគ្រួសារយោធិនពលី មរណ ដែលជួបការលំបាកដោយបានណែនាំដល់គ្រប់មេបញ្ជាការអង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យរៀបចំជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍-ពិការ និងគ្រួសារយោធិនពលី មរណ ដែលជួបការលំបាកជារៀងរាល់ឆ្នាំដោយមិនបោះបង់បងប្អូនចោលទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងអំណរគុណចំពោះនាយ នាយរងអាវុធហត្ថទាំងអស់ជាពិសេសអាវុធហត្ថដែលបានចូលសោធននិវត្តន៍-ពិការ លោកទាំងអស់គ្នាបានបំពេញការងារជូនជាតិមាតុភូមិក្នុងរយៈពេលកន្លងមកនេះ នឹងបានអនុវត្តច្បាប់ លក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ អ្វីដែលអស់លោកបានបំពេញការងារនាពេលកន្លងមកដោយមិនមានកំហុងឆ្គង ក្នុងនាមជាមេបញ្ជាការសូមថ្លែងអំណរគុណចំពោះការចូលរួមចំណែកតាមរយៈការអនុវត្តតួនាទី ភារកិច្ច ជូនអង្គភាពក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលទទួលបាននូវការជឿទុកចិត្តការស្រឡាញ់រាប់អានពីប្រជាជន ហើយក៏បានក្លាយជាអង្គភាពមួយ កម្លាំងមួយ ដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកការពារសន្តិភាព រក្សាសន្តិសុខ និងសណ្ដាប់ឆ្នាប់សង្គមផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ បានឧបត្ថម្ភដល់យោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ដោយក្នុងម្នាក់ៗទទួលបានអង្គរចំនួន២បេ, មីចំនួន២កេស, ត្រីខកំប៉ុងចំនួន១យួរ, ទឹកត្រីចំនួន១យួរ, ទឹកសុីអុីវចំនួន១យួរ, ទឹកក្រូចចំនួន១កេស និងថវិកាមួយចំនួនទៀត។ សមាសភាពចូលរួមមានលោក លោកស្រីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យចំនុះមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖