ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសាងសង់បង្គន់អនាម័យដោយដាក់ពង្រាយចំនួន៦០០បង្គន់និងតុបតែងលម្អ សោភណភាព និងរូបភាពផ្សេងៗនានាជាច្រើនទៀតរួចរាល់នៅថ្ងៃនេះ ដេីម្បីទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៤,១៥,១៦ ខែវិចិ្ឆកានេះ ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រយៈ ពេលកន្លងមកនេះរដ្ឋបាលរាជធានីភ្នំពេញបានសាងសង់និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ តុបតែងកែលម្អដេីម្បីលេីកកម្ពស់សោភណភាព នៅទីតាំងរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់ស្អាតហើយនឹងរួចរាល់ទាំងស្រុង នៅថ្ងៃនេះហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាជាពិសេសក្នុងបំណងលេីកកម្ពស់មុខមាត់របស់ប្រទេសជាតិថែមទៀត ។ ជាក់ស្ដែងអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យនិងបន្ទប់ទឹក ហើយពង្រាយបង្គន់អនាម័យ ចល័តព្រមទាំងធ្វើការជួសជុល តុបតែង កែលម្អនៅតំបន់ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដេីម្បីត្រៀមទទួលកីឡាករអុំទូកនិងបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ព្រះ រាជពិធីបុណ្យអុំទូកនៅថ្ងៃទី១៤,១៥, ១៦ វិច្ឆិកា ឆ្នាំ២០២៤នេះរួចរាល់ហើយដែរ។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ វិច្ឆិកា២០២៤នេះថា៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ដោយអនុវត្តអនុសាសន៍នេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រុក ធ្វើការជីកកប់សាងសង់បង្គន់អនាម័យ និងបន្ទប់ទឹកព្រមទាំងពង្រាយបង្គន់អនាម័យ និងបន្ទប់ទឹកចល័តសរុបជាង៦០០ បន្ទប់ ដេីម្បីបម្រេីសេវាជូនបងប្អូនប្រជាពលរដ្ឋ ។
លោកបានបន្តថា ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន បង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រាប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក) បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)។
លោកបានឱ្យដឹងទៀតថា ក្រុមការងារបានលាបថ្នាំ ច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយដែក៧០បង់ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ទ្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ)ដាក់ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ១២០ស្លាក ត្រៀមកម្លាំងសម្រាប់បោសសម្អាតសួនច្បាររយ:ពេល៤ ថ្ងៃ(ចាប់ពីថ្ងៃ១៤,១៥,១៦ និង១៧ខែវិច្ឆិកា ឆ្នាំ២០២៤មានចំនួន៣០០នាក់) ។
លោកបន្តថា ចំពោះការងារជួសជុលក្រានីតនិងការ៉ូឡា ក្រុមការងារបានជួសជុលក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសីទចតុមុខ)សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។
លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បានបញ្ជាក់ថា មកដល់ពេលនេះ ការងាររៀបចំបង្គន់ចំនួន ៣០០ បង្គន់ និងបន្ទប់ងូតទឹកចំនួន ២០០ បន្ទប់ទឹក នៅតំបន់ A និងB នៅលើដីOCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់ D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ ចំណែកការងារឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច ១០០% លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន១០០% ការងារកាប់និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន១០០% កាត់ស្មៅ និងផ្កានៅតាមសួនសំខាន់ៗ ការងារហ៊ុមខ្សែការពារសួនច្បារ សម្រេចបាន១០០% លាបថ្នាំបង្គោលភ្លើងថ្មនិងបង់អង្គុយ សម្រេចបាន១០០% កាត់មែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន១០០% ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន១០០% ព្រមទាំងដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ៕
ដោយ ៖ សំរិត