ភ្នំពេញ ៖ ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ខេត្តស្ទឹងត្រែង រតនៈគិរី នៅថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ មានបងប្អូនប្រជាពលរដ្ឋសរុបជាង ២០០ នាក់ចូលរួម ដើម្បីស្វែងយល់ពីការពិតនៃកិច្ចការពារបូរណភាពទឹកដី និងបានធ្វើជាសាក្សី ពីកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។
ដំណើរទស្សនកិច្ចទិសឦសានជើងទី៨ ពោពេញដោយក្តីរីករាយ ស្នាមញញឹម និងមោទនភាព ចំពោះរាជរដ្ឋាភិបាល ដែលបានស្ថាបនាផ្លូវក្រវាត់ព្រំដែន និងបោះបង្គោលព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង បានយ៉ាងត្រឹមត្រូវ និងរឹងមាំ ដើម្បីក្លាយជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការរហូតតរៀងទៅ។
ពិសេសដំណើរទស្សនកិច្ចទិសឦសានជើងទី៨នេះ ប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកនូវបង្គោលព្រំដែនកម្ពុជា-ឡាវ អាយុជាង ១០០ ឆ្នាំដែលបន្សល់ទុកតាំងពីក្នុងសម័យអាណានិគមនិយមបារាំងថែមទៀតផង។
ដំណើរទស្សនកិច្ចទិសឦសាន ដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ដោយឥតគិតថ្លៃនេះ នឹងបន្តធ្វើរហូតដល់ខែធ្នូដាច់ឆ្នាំ២០២៤៕
ដោយ ៖ សិលា