ខេត្តកែប ៖ ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។
ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបាន រាជរដ្ឋាភិបាល ដោះលែង ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហុស និងសូមទោស ខណៈរូបលោក បានប្រព្រឹត្តិខុសទាក់ទងនឹងការផ្សាយព័ត៌មានមួយបង្កាច់រាជរដ្ឋាភិបាល ភ្ជាប់ជាមួយរូបភាពមិនពិត។
សម្តេចធិបតី បានសង្គត់ធ្ងន់ថា សិទ្ធិសេរីភាព សន្តិភាព និងការ ទទួលខុសត្រូវ គឺត្រូវតែអនុវត្ត ទៅជាមួយ។
សម្តេចមានការប្រសាសន៍ថា កន្លងមកការដោះស្រាយ បញ្ហាមួយចំនួននៅតាមមូលដ្ឋានបានលឿន គឺដោយសារតាមរយៈអ្នកសារព័ត៌មានមួយចំនួន ដែលបាននូវផ្សាយព័ត៌មានពិតច្បាស់ ដែលធ្វើឱ្យថ្នាក់ដឹកនាំក្តាប់បញ្ហាបាន និងចាត់តាំងបានលឿន។ ដូច្នេះហើយសម្តេចបានអរគុណ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យបន្តផ្សព្វផ្សាយនូវព័ត៌មានពិត ដើម្បីជាប្រយោជន៍ដល់សាធារជន និងសង្គមជាតិ។
ខណៈបច្ចុប្បន្ននេះ អ្នកសារព័ត៌មាននៅកម្ពុជាមានជាង១ម៉ឺននាក់ និង អ្នកព័ត៌មានតាមអនឡាញជាច្រើននាក់ទៀត សម្តេចមានប្រសាសន៍ថា ការផ្សាយនូវព័ត៌មានពិត គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចបានជំរុញ ឱ្យស្ថាប័នសារព័ត៌មាន ដែលដឹងថាខ្លួនផ្សាយខុស ត្រូវ ផ្សាយកែតម្រូវឡើងវិញ ដើម្បីឱ្យសាធារណជនដែលមើលព័ត៌មានរបស់ខ្លួនបានដឹងនូវព័ត៌មានពិត និងចៀសវាងផ្សាយព័ត៌មានដែលជាថ្នូរ នឹងការទទួលបាននូវផលប្រយោជន៍ណាមួយ។
សម្តេចមានប្រសាសន៍ថា « សូមផ្សាយឱ្យមានការទទួលខុសត្រូវ ព័ត៌មានឱ្យសុក្រឹត្រ និងមានភាពប្រាកដប្រជា ព័ត៌មានដែលមិនបម្រើដល់កត្តាអីផ្សេងៗ បើសិនជាខុសសូមកែសម្រួលឡើងវិញ បើផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ពេលដែលបានព័ត៌មានសូមផ្សាយទៅដើម្បីបង្ហាញថាខ្លួនជាអ្នកព័ត៌មានដែលមានវិជ្ជាជីវៈ អាព្យាក្រឹត្យ ហើយការប្រើប្រាស់ព័ត៌មានដើម្បីផលប្រយោជន៍អ្វីមួយ សេដ្ឋកិច្ច ឬអ្វីមួយ គឺត្រូវជៀសឱ្យផុត ព្រោះជួនកាល ឈ្លោះគ្នាលេងតាមព័ត៌មានទៅបង្កាត់បង្ខូចម្នាក់ផ្សេងៗទៀត អាហ្នឹងគេបានប្តឹងបាន»៕
ដោយ ៖ សិលា