ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អាជីវករលក់ដូរ អ្នកទទួលផ្ញើកង់ ម៉ូតូ ឡានទាំងអស់ កុំដំឡើងថ្លៃក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ។
កីឡាករ កីឡាការិនីទូកអុំ ទូកចែវ និងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥,១៦ វិច្ឆិកា ឆ្នាំ២០២៤នេះ។
ការស្នើសុំនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងភរិយាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើន សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ ខណ្ឌដូនពេញ ។
ការប្រារព្វពិធីបែបសាសនានេះ ក្នុងគោលបំណង សុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំអោយដំណេីរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូននិងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និទ្ធស្នាល រក្សាបានប្រពៃណីទំនៀមទម្លាប់ជាតិ និងសាមគ្គីភាព មិត្តភាព។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទម្លាប់ប់ជាតិតាំងពីយូរលង់មកហើយ។ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទ័ពជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹកនិងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឱ្យមានការរីកចម្រើន។ម៉្យាងទៀតក៏ជាការផ្តល់ឧិកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៌រួមទាំងដំណើរការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំអោយអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ.កីឡាការិនីអុំទូកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសម្រាកឲ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួតរួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកដំកើងប្រពៃណីទំនៀមទម្លាប់ជាតិ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖ ទូកទាំងអស់ដែលត្រូវប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះមានចំនួន៤៤ទូក មកពី១២ខណ្ឌក្នុងចំណោម១៤ខណ្ឌក្នុងរាជធានីភ្នំពេញដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ.កីឡាការិនីសរុបចំនួន៣១៩៣នាក់ស្រី៩២ នាក់៕
ដោយ ៖ សំរិត