ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកកណ្តាលស្ទឹងចាប់រថយន្តដឹកខ្សាច់ថ្ម ដែលមិនបានបង់លុយថ្លៃផ្លូវ

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តដឹកខ្សាច់ ថ្ម យ៉ាងតិចចំនួន៥គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងឃាត់យកមករក្សាទុកនៅអធិការនគរបាលស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ខណៈសមត្ថកិច្ចចុះអនុវត្តពង្រឹងច្បាប់ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំសៀមរាប ស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល ។

ម្ចាស់រថយន្តទាំងនោះបានលើកឡើងថា ការឃាត់រថយន្តពួកគាត់ គ្រាន់តែជាកំហឹងមួម៉ៅ ក្តៅក្រហាយ អន់ចិត្តពួកគាត់ មិនបានបង់ប្រាក់ថ្លៃផ្លូវ ក្នុងមួយថ្ងៃ១ម៉ឺនរៀងលនោះតែប៉ុណ្ណោះ ។ មកទល់នឹងពេលនេះ នគរបាលស្រុកកណ្តាលស្ទឹង មិនព្រមដោះស្រាយ បើទោះជាពួកគាត់មានឯកសារគ្រប់គ្រាន់ ឬត្រូវពិន័យយ៉ាងណាក៏ដោយ សមត្ថកិច្ចបង្ខំចិត្តគំរាម ដើម្បីជាសញ្ញាប្រាប់ថា អ្នកមិនបង់លុយថ្លៃផ្លូវ ត្រូវតែប្រឈមនឹងឧបសគ្គបែបនេះ និងត្រូវរាងចាល ។

គេបានបង្ហើបថា ជាទម្លាប់នៃអំពើពុករលួយ លោក ម៉ែន ចន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង តែងតែឲ្យមន្ត្រីរបស់ខ្លួន ពេលចុះអនុវត្តច្បាប់ចរាចរណ៍ ករណីខ្លះ គឺជាមធ្យោបាយស្វែងរកលាភសក្ការ ក្នុងនោះតម្រូវឲ្យរថយន្តដឹកថ្ម ខ្សាច់ ដី ត្រូវបង់ក្នុងមួយថ្ងៃមួយម៉ឺនរៀល បើពុំដូច្នោះទេ ប្រឈមទៅនឹងការឃាត់ទុក ឬក៏ពិនិត្យឯកសារ ធ្វើឲ្យយឺតយូរបង្កផលលំបាកសម្រាប់បងប្អូនធ្វើអាជីវកម្មដឹកខ្សាច់ ដីទាំងនោះ ។ យ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃមានរថយន្តដឹកថ្ម ខ្សាច់ ដីយ៉ាងតិច១០០គ្រឿង ដែលត្រូវឆ្លងកាត់ ដូចជាករណីម្សិលមិញ ការដឹកជញ្ជូនជាហូរហែ មិនបង្ក្រាបទេ ដោយហេតុថាបង់ប្រាក់ក្នុងមួយថ្ងៃ១ម៉ឺនរៀល ដោយឡែករថយន្ត៥គ្រឿងទៀតមិនបង់ប្រាក់ ត្រូវបានឃាត់ទុកជាការគំរាម និងឲ្យស្គាល់ពីស្នាដៃនគរបាលស្រុកកណ្តាលស្ទឹង បើមិនបង់លុយ ចាប់ភ្លាមៗ ឲ្យឃើញទាន់ចិត្ត ។

លោក ម៉ែន ចន្ទរិទ្ធ អធិការនគរបាលស្រុកកណ្តាលស្ទឹង ពាក់ព័ន្ធករណីនេះ បានប្រាប់ឲ្យដឹងថា ការឃាត់រថយន្តនេះ គឺត្រូវរក្សាទុក៣ថ្ងៃ ដើម្បីជាការព្រមាន ហើយអនុវត្តតាម បញ្ជាអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ។ គួររំលឹកថា លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត តែងតែមានប្រតិកម្ម និងស្តីបន្ទោស ក៏ដូចជាបញ្ជាយ៉ាងម៉ឺងម៉ាត់ មិនឲ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ យកលុយដោយខុសច្បាប់ ទៅលើអ្នកបើកបរ ដែលមានឯកសារគ្រប់គ្រាន់ និងគោរពច្បាប់ចរាចរណ៍នោះឡើយ ៕ សុខ ខេមរា

 

534


ចែករំលែក៖