ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពខ្លះៗថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ នៅឆ្នាំនេះសង្កេតឃើញថា សន្ទុះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហាក់មានការកើនទ្បើងគួរឱ្យកត់សម្គាល់ នេះបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា ពិតជាមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលអណ្តិតទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូកកម្រិតរាជធានីភ្នំពេញ ដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅមុខព្រះបរមរាជវាំង។

លោក ឃួង ស្រេង ធ្លាប់បានអះអាងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។

លោកនៅតែបន្តអំពាវនាវបន្ថែមទៀត ដល់ជាកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះយើងមកចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហិង្សាណាមួយរវាងគ្នា និងគ្នានោះទេ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូរលង់មកហើយ។ ព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។

អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឲ្យមានការរីកចម្រើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសារសម្រាប់ប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការដឹកនាំអនុវត្តដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖