ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្ទឹងត្រែង​ ដាក់បញ្ជាឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ​ តាមចាប់ជនសង្ស័យដែលញុះញង់ពលរដ្ឋកាប់ទន្ទ្រានដីព្រៃរដ្ឋ

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ លោក សរ សុពុត្រា អភិបាល​ នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ឱ្យមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តស្រាវជ្រាវរកជនសង្ស័យដែលបានញុះញង់ឱ្យប្រជាពលរដ្ឋទៅឈូសឆាយដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

បទបញ្ជាដ៏ម៉ឺងម៉ាត់នេះ ត្រូវបានដាក់ចេញនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី ០៤ ស្ថិតនៅឃុំក្បាលរមាស ស្រុកសេសាន កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា​ ឆ្នាំ ២០២៤ថ្មីៗនេះ​ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ និងពលរដ្ឋជាច្រើនរូប។ ចំណាត់ការនេះ បន្ទាប់ពីមានជនសង្ស័យបានដើរបោកប្រាស់ប្រជាពលរដ្ឋ និងញុះញង់ឱ្យទៅកាប់រានដីព្រៃរដ្ឋនៅស្រុកសេសាន ដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈវេទិកានេះ ក៏បានផ្សព្វផ្សាយពីការអនុវត្តច្បាប់ដល់ពលរដ្ឋដែលបានចូលរួម ចៀសវាងចាញ់បោកតាមការអូសទាញរបស់ក្រុមទុច្ចរិត។

លោក​ សរ សុពុត្រា បានសង្កត់ធ្ងន់ថា៖«មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរស្រុក ឃុំ ត្រូវបន្តស្រាវជ្រាវជនសង្ស័យដើម្បីឃាត់ខ្លួនយកមកអនុវត្តច្បាប់ឱ្យបាន ព្រោះជននេះបង្កភាពស្មុគ្រស្មាញរឿងដីធ្លី ហើយបង្កើតអំពើឆបោកប្រជាជនយើងបន្ថែមទៀត»។

សូមជម្រាបថា កន្លងមកមានទាំងពលរដ្ឋ​ និងជនសង្ស័យ បានយកលុយឱ្យអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈចុះផ្សាយខុសពីការពិត ថាពួកគេបាត់បង់ដី ខណៈដីដែលពួកគេកាន់កាប់នោះ ជាដីដែលកាប់ទន្ទ្រានដីរដ្ឋសម្រាប់ទុកអភិរក្ស។ បន្ថែមពីនេះ ពលរដ្ឋខ្លះ បានកាន់រូបថ្នាក់ដឹកនាំ ហើយស្នើសុំឱ្យស្វែងរកយុត្តិធម៌ បង្កឱ្យមានការភាន់ច្រឡំដល់សាធារណៈមតិ។

លោកអភិបាលខេត្ត បន្តថា៖«មានបងប្អូនខ្លះស្រែកថាក្រណាស់ៗ តែប្រមូលលុយឱ្យគេម្ដងរហូតដល់ទៅ ៣០០០ ទៅ ៤០០០ ដុល្លារឱ្យគេបោក ហើយនាំគ្នាទៅកាប់ដីព្រៃដើម្បីលក់ ពេលអាជ្ញាធរចាប់ខ្លួន ស្រែកថាអយុត្តិធម៌»។

ដោយឡែក​អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឱ្យដឹងដែរថា កន្លងមកមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបមិនបន្ធូរដៃឡើយ និងបានឃាត់ខ្លួនជនខិលខូចច្រើននាក់ ដែលបានកាប់ព្រៃទន្ទ្រានដីរដ្ឋ ក្នុងនោះក៏មានអ្នកសារព័ត៌មួយចំនួនផងដែរ។ លោក​អភិបាល​ស្រុក​ បន្ថែមថា៖«នៅសល់អ្នករត់គេចខ្លួនមួយចំនួនទៀត សមត្ថកិច្ចបានកំណត់មុខសញ្ញាអស់ហើយនិងកំពុងអនុវត្តនីតិវិធី។ ដោយឡែកទីតាំងដីដែលអាជ្ញាធរដកហូតបានកំពុងការពារយ៉ាងតឹងរឹង ចំណែកដីរបស់ក្រសួងកសិកម្មដែលមានប្លង់ នៅភូមិបានប៊ុង​ ឃុំភ្លុក ស្រុកសេសាន នៅពេលប្រជាពលរដ្ឋប្រមូលផលដំឡូងមីអស់  អាជ្ញាធរមានសមត្ថកិច្ចចុះទៅអនុវត្តនីតិវិធី ព្រោះបានណែនាំពួកគាត់រួចហើយដែរ»។

ពាក់ព័ន្ធករណីដីធ្លីនេះ នាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, លោក ប៉ាន់ខែម ប៊ុនថន កន្លងមក បានចុះមកជួបប្រជាពលរដ្ឋ និងដោះស្រាយជាច្រើលើកច្រើនសារមកហើយ តែមិនទាន់បានសម្រេចលទ្ធផលទាំងស្រុងទេ ដោយសារពលរដ្ឋខ្លះជឿតាមការញុះញង់អ្នកនៅពីក្រោយសកម្មភាពកាប់ទន្ទ្រានដីរដ្ឋ៕

 

ដោយ​៖ តារា​


ចែករំលែក៖