ខេត្តកណ្តាលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបុរសរូបនេះធ្វើសកម្មភាពចាក់ប្រហារបងថ្លៃដោយកាំបិតចិត្តបន្លែបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនល្មើសឈ្មោះ ឆន ចាន់ថុន ហៅតាត់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។ ចំណែកឯជនរងគ្រោះឈ្មោះ ម៉ៅ ធារ៉ា ហៅចយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ (ត្រូវជាបងថ្លៃជនដៃដល់ រងរបួសខ្នងចំនួន២កន្លែង) រស់នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ។
ប្រភពដដែលបានបន្តថា រយៈពេលកន្លងមកជនដៃដល់និងជនរងគ្រោះឧស្សាហ៏មានទំនាស់ពាក្យសំដីគ្នាខ្លាំងណាស់ តែពុំដែលកើតមានជាអំពើហិង្សាបណ្តាលឲ្យមានរបួសស្នាមនោះទេ រហូតមកដល់មុនថ្ងៃកើតហេតុមួយថ្ងៃជនដៃដល់ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាថ្មីម្តងទៀត ។ លុះមកដល់ថ្ងៃកើតហេតុជនដៃដល់ជាប្អូនថ្លៃបានដើរទៅខោកក្បាលជនរងគ្រោះជាបងថ្លៃមួយក្រញ៉ ធ្វើឲ្យជនរងគ្រោះខឹងសម្បាយ៉ាងខ្លាំងក៏ស្ទុះចូលប្រតាយប្រតបគ្នា ខណៈនោះជនល្មើសទាញកាំបិតចិត្តបន្លែដែលសៀតនៅចង្កេះចាក់ប្រហារទៅលើជនរងគ្រោះ ត្រូវ២កាំបិតចំខ្នងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ អន្តរាគមន៍ចាប់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ៕ ស្អាងជ័យ
សូមចុចអានបន្តទៀត ៖ អ្នកស្រី ទេព វន្នី និង អ្នកស្រី ប៊ូវ សោភា សកម្មជនបឹងកក់ តុលាការផ្តន្ទាទោសក្នុងម្នាក់ៗ៦ថ្ងៃនិងពិន័យជាប្រាក់ចំនួន៨ម៉ឺនរៀល