ខេត្តបន្ទាយមានជ័យ:
ស្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះ ឃើញដេកស្លាប់នៅក្នុងចំការអំពៅ
នាទឹកដីនៃប្រទេសថៃ ទាំងសភាពហើម ស្អុយទៅហើយ ព្រមទាំងស្ថិតក្នុងសភាពអាក្រាតដោយមានតែខោ អាវឈុតក្នុងតែប៉ុណ្ណោះ ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់
ដឹងថា តើការស្លាប់នេះពាក់ព័ន្ធនឹងបញ្ហាអ្វីនោះឡើយ ។
យោងតាមរបាយការណ៍របស់ក្រុមតម្រួតថៃបានអោយដឹងថា សពស្រ្តីម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញកាលពីរសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងចំការអំពៅ
មួយកន្លែងដែលស្ថិតនៅជាយភូមិ៤ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។
របាយការណ៍បានបន្តថា ក្រោយពីមានការភ្ញាក់ផ្អើលរួចមក កំលាំងតម្រួតថៃបានចុះ
ទៅកាន់ទីតាំងកើតហេតុ ព្រមទាំងបានពិនិត្យគែសង្គេតឃើញថា សពដេកស្លាប់
ក្នុងសភាពច្រង៉ាង គ្មានសំលៀកបំពាក់ គឺមានតែខោលីអូ និងអាវទ្រនាប់តែប៉ុណ្ណោះ
ព្រមទាំងមានក្លិនស្អុយយ៉ាងខ្លាំងទៅហើយ ។
នៅពេលនោះដែរ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា សពអាចស្លាប់មកក្នុងរយៈពេល
មិនតិចជាង៣ថ្ងៃនោះទេ ។ ភ្លាមៗនោះដែរ ខណៈដែលប្រជាពលរដ្ឋកំពុងចោមរោមមើល
ក៏មានស្ត្រីម្នាក់ឈ្មោះ រិន ភាព ដែលជាជនជាតិខ្មែររស់នៅក្នុងតំបន់ខាងលើ បានអះអាងថា
ស្ត្រីដែលដេកស្លាប់នៅក្នុងចំការអំពៅនោះមានឈ្មោះ នីម សេម អាយុជាង៧០ឆ្នាំ ហើយ
ដែលជាអ្នករស់នៅក្នុងភូមិ ឃុំ ខាងលើដែរ ហើយក៏ជាជនជាតិខ្មែរដែរ ដោយបានបាត់ពី
ផ្ទះតាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ មកម៉្លេះ ទោះបីជាតាមរកយ៉ាងណាក៏មិនប្រទះឃើញដែរ ទើបតែមកឃើញនៅពេលនេះ ។
នៅពេលនោះដែរ សមត្ថកិច្ចបានទុកនាទីអោយក្រុមគ្រូពេទ្យដើម្បីធ្វើកោសល្យវិច័យ
ព្រោះក្រោយពេលកើតហេតុសមត្ថកិច្ចបានព្យាយាមរកជុំវិញទីតាំងកើតហេតុដែរ
ខ្លាចប្រទះឃើញនូវវត្ថុតាងផ្សេងៗ ប៉ុន្តែអ្វីក៏គ្មានដែរ ដូច្នេះកំលាំងតម្រួតមិនទាន់
ហ៊ានសន្និដ្ឋានថាមូលហេតុបណ្តាលមកពីអ្វីនោះឡើយ ៕ វណ្ណា
សូមអានបន្តទៀត ៖ ប៉ូលិសព្រំដែនដឹកឈើល្មើសច្បាប់បាញ់អស់ជិត១បង់ឲ្យបើកបារ៉ាស់ច្រកដាក់ដាំផ្អើលទាំងយប់