ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានសហការគ្នា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃ ជាកាលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក៏ដូចជាការបង្ខិតសេវាសុខភាពឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទទួលបាននូវសេវាសុខាភិបាលប្រកបដោយស្តង់ដារខ្ពស់។
ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែល លោក គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំង ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរស្រុកកោះធំ និងមន្ទីរពាក់ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យតេជោសែនកោះធំ ស្រុកកោះធំ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក គួច ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន រាជរដ្ឋាភិបាលបាននឹងកំពុងផ្តោតទៅលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈការដាក់ចេញឲ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនផងដែរ។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែនកោះធំទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍តាមរយៈបណ្ណ័ ប.ស.ស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលជូនអ្នកជំងឺ។ ជាពិសេសត្រូវទទួលយកនូវព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់ជាគំនិតស្ថាបនា ត្រូវបង្កើនសកម្មភាពអប់រំសុខភាព ដើម្បីលើកកំពស់គុណភាពក្នុងវិស័យសុខាភិបាលឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សូមជម្រាបថា មន្ទីរពេទ្យតេជោសែនកោះធំ តម្លៃជាង១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យនេះសាងសង់នៅលើផ្ទៃដីទំហំជាង ១ម៉ឺន៤ពាន់ម៉ែត្រក្រឡា មាន៣អគារ អាចផ្ទុកគ្រែអ្នកជំងឺបាន១៥០គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ មាន សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ ជាមន្ទីរពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវផងដែរ៕
ដោយ ៖ សិលា