ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើខ្លឹមសារស្ដីពី «កិច្ចសហប្រតិបត្តិការមិត្តភាព»

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារ នៃកិច្ចសហប្រតិបតិ្តការរវាងរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉ ដឹកនាំដោយលោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ ដែលជំនួបនេះធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមុិញ 

គំនិតផ្ដួចផ្ដើម នៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរ បានចុះហត្ថលេខាមានបីចំណុចសំខាន់ៗ រួមមាន៖

ទី១.កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព,។

ទី២.កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងទី៣.ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព និងមានបំណងចុះអនុស្សរណៈយោគយល់គ្នានាពេលអនាគត និងបន្តរៀបចំកិច្ចការចាំបាច់មួយចំនួនមុនពេលចុះអនុស្សរណៈយោគយល់គ្នា។

ក្នុងឱកាសនោះ លោក សុខ លូ បានជម្រាបជូនគណៈប្រតិភូកូរ៉េពីសក្ដានុពលដ៏សំបូរបែបរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ជាពិសេសកាលពីចុងឆ្នាំ២០២៣កន្លងទៅទីក្រុងបាត់ដំបងត្រូវបានអង្គការយូណេស្កូចុះក្នុងបណ្តាញទីក្រុងច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ។ 

   លោក សុខ លូ ជម្រាបជូនបន្ថែមដល់គណៈប្រតិភូកូរ៉េពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការកសាងខ្លួនដើម្បីដាក់បញ្ចូលក្រុងបាត់ដំបងជាទីក្រុងវៃឆ្លាតនាពេលអនាគត។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ បានប្រកាសស្វាគមន៍អ្នកវិនិយោគកូរ៉េឱ្យមកបណ្ដាក់ទុនវិនិយោគនៅខេត្តបាត់ដំបង ជាពិសេសលើវិស័យកសិកម្មដែលមានសក្ដានុពលខ្ពស់ប៉ុន្តែការកែច្នៃនៅមានកម្រិត។

លោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ បង្ហាញការកត់សម្គាល់ពីសក្ដានុពលដ៏សំបូរបែបនៅខេត្តបាត់ដំបងលើវិស័យជាច្រើន ហើយដើម្បីជាកិច្ចចាប់ផ្ដើមជំហានដំបូងក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងក្រុងស៊ុងដុង-ហ្គូ និងរដ្ឋបាលខេត្តបាត់ដំបង ភាគីកូរ៉េនឹងបើកមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅក្នុងខេត្តបាត់ដំបង៕

ដោយ ៖ សិលា


ចែករំលែក៖