ខេត្តក្រចេះ ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ ក្រោមអធិបតីភាព លោក ដួង ពៅ អភិបាលរងខេត្ត តំណាង លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ របស់យើងទាំងអស់គ្នាក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិរបស់យើង ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពមនុស្សចាស់ នៅសាលមហោស្រពខេត្ត ។
លោក ដួង ពៅ អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ គឺមិនមែនមានតែប្រទេសកម្ពុជាយើងទេ គឺគ្រប់ប្រទេសនៅក្នុងពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ សុទ្ធតែត្រូវបានប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ។ ដោយឡែកនៅក្នុងអាណត្តិទី៧ នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការបោះឆ្នោតជូនពីសំណាក់ប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់មនុស្សវ័យចាស់ ។
លោក អភិបាលរងខេត្ត បន្តថា មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជាយើង មានភ័ព្វសំណាងច្រើនជាងប្រជាជនវ័យចាស់ នៅតាមបណ្តាប្រទេសផ្សេងៗ ដោយសារតែនៅប្រទេសកម្ពុជាយើង ប្រជាជនមានទំនៀមទំលាប់ប្រពៃណី រស់ជុំគ្នាជាលក្ខណៈប្រព័ន្ធគ្រួសារ បែបនេះគឺជាសំណាញ់សុវត្ថិភាពបែបប្រពៃណី ដែលអាចជួយដល់មនុស្សវ័យចាស់មិនឱ្យជួបប្រទះបញ្ហានានា ដែលអាចកើតមានឡើងចំពោះពួកគាត់។
ដោយឡែកនៅក្នុងខេត្តក្រចេះ មានថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត សប្បុរសជននានា ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ដែលតែងធ្វើសកម្មភាពសប្បុរសធម៌យ៉ាងច្រើន ដើម្បីជួយដល់មនុស្សវ័យចាស់ក្រីក្រ,គ្រួសារក្រីក្រងាយរងគ្រោះ ជាពិសេសជួយដល់ជនចាស់ជរាក្រីក្រគ្មានទីពឹង ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគ្រាំទ្រគ្នា ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ៕
ដោយ ៖ សិលា