ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលនីតិកាលទី៧ បេ្ដជ្ញាអ្វីខ្លះក្នុងការអភិវឌ្ឍប្រទេសជាតិ?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលនីតីកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាឱ្យបាននិរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស។

នៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ពួកប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលចោទថា រដ្ឋាភិបាលនីតិកាលទី៧ មិនមានអ្វីដែលថ្មី និងប្លែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយនឹងការចោទប្រកាន់ជ្រុលនិយម គ្មានចំណេះដឹងក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ក្រុមប្រឆាំងនេះ  សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្ដេជ្ញាចិត្ដជាថ្មីម្ដងទៀតរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ដោយធានាឱ្យបាននីរន្ដរភាព និងលំនឹងនៃការអភិវឌ្ឍប្រទេស ធានាឱ្យបាននូវសុខសន្ដិភាព ស្ថេរភាពគោលនយោបាយដែលមានភាពច្បាស់លាស់ ប្រាកដប្រជា និងលំនឹងនៃគោលនយោបាយ អនុវត្ដន៍កាន់តែមុតស្រួច និងមានប្រសិទ្ធភាព ដើម្បីជំរុញប្រទេសយើងឱ្យអភិវឌ្ឍន៍កាន់តែរឹងមាំ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ក៏ប្រកាសថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យា ដែលបានផ្ដល់អាហារូបករណ៍ដល់សម្ដេចតេជោ (សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលអាចផ្ដល់ឱកាសដល់និស្សិតដែលគ្មានលទ្ធភាពអាបន្តការសិក្សានៅសាកលវិទ្យាល័យបាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្លែងថា ៖ ឱកាសការងារមានច្រើនកម្រិត ច្រើនប្រភេទ និងច្រើនទីកន្លែង អ៊ីចឹងការទទួលបានការងារក៏ផ្សេងៗគ្នា ហើយការទទួលបានការងារមុខតំណែងកាន់តែធំ ការទទួលខុសត្រូវកាន់តែខ្ពស់ និងជំនាញកាន់តែខ្ពស់ ដូច្នេះឱកាសដែលមានអាស្រ័យទៅលើសមត្ថភាព ចំណេះដឹង និងគុណវុឌ្ឍិរបស់សិស្ស និស្សិតផ្ទាល់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបន្តថា ៖ នៅកម្ពុជាគ្មានការបែងចែកវណ្ណៈនោះទេ ដូច្នេះកូនអ្នកនេសាទ ឬកូនអ្នកកសិករ អ្នកស្រែចម្ការ ក៏អាចក្លាយជាមន្រ្ដីរាជការ អ្នកដឹកនាំនៅតាមបណ្ដាក្រសួង ស្ថាប័ននានា ក៏ដូចជាអ្នកជោគជ័យនៅក្នុងជំនួញផងដែរ លទ្ធផលទាំងនេះ គឺអាស្រ័យទៅលើការអប់រំរបស់ពួកគេ ៕

ដោយ ៖ សិលា


ចែករំលែក៖