ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ថ្ងៃទី២៣ សីហា ជាខួប៤១នៃការដែលគ្រូពេទ្យវះកាត់យកកែវភ្នែកឆ្វេងជាទីស្រឡាញ់របស់សម្តេច ។
ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន កាលពីរសៀលថ្ងៃទី២៣ ខែសីហា បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖ «ថ្ងៃ២៣ សីហា ២០១៦ ជាខួប៤១នៃការដែលគ្រូពេទ្យវះកាត់យកកែវភ្នែកឆ្វេងជាទីស្រឡាញ់របស់ខ្ញុំ (២៣សីហា១៩៧៥.២៣សីហា២០១៦) ដែលពេលនោះវះកាត់នៅទីតាំងសាលារៀន នៃស្រុកអូរាំងឪ។គាប់ជួនថ្ងៃនេះខ្ញុំមកបំពេញ ការងារនៅខេត្តត្បូងឃ្មុំដែលការធ្វើដំណើរ របស់ខ្ញុំមិនឆ្ងាយពីទីកន្លែងនៃការឈឺចាប់ដែល ខ្ញុំបានជួបរាប់ទាំងគល់ស្ពានគីស្សូណាដែល ខ្ញុំត្រូវរបួសនៅថ្ងៃទី១៦មេសា១៩៧៥ផងដែរ។
ការឈឺចាប់ដែលពិបាកថ្លាថ្លែង នៃជនពិការដូចខ្ញុំនិងបងប្អូនជនពិការផ្សេងទៀតមិនអាចរកអ្វីមកបំពេញជំនួសឱយបានឡើយ។អ្វីដែលខ្ញុំស្នើរសុំសូមបងប្អូនមេត្តាឈប់ជេរប្រមាថជនពិការទៀតទៅ។ពាក្យអាខ្វាក់ អាកំបុត អាកំបាក់ អាខ្វិន អាគរ អាថ្លង់។ល។ជាពាក្យដែល ជនពិការឈឺចាប់ជាងពេលត្រូវរបួសទៅទៀត» ៕