ព័ត៌មានទាន់ហេតុការណ៍៖

⚠️តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវ រូបភាព និងវីដេអូអាសអាភាស ជាពិសេស សម្ភារៈអាសអាភាសនៃកុមារ គឺជា អំពើខុសច្បាប់?

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិត នូវ រូបភាព និងវីដេអូអាសអាភាស ជាពិសេស សម្ភារៈអាសអាភាសនៃកុមារ គឺជា អំពើខុសច្បាប់?

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានគូសបញ្ជាក់ថា​ យោងតាមច្បាប់ស្តីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ របស់កម្ពុជា គឺក្នុងមាត្រា៣៩ បានចែងថា ជនណាដែល កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាពអាសអាភាសត្រូវមានទោសពី ៧ថ្ងៃ ដល់១ខែ និងពិន័យជាទឹកប្រាក់ចំនួន ១សែនរៀល ដល់២សែនរៀល។

ក្នុងមាត្រាដដែល សម្រាប់បុគ្គលណាដែលបានផលិតរូបភាព និងសម្ភារៈអាសអាភាសក្នុងគោលបំណងយកទៅប្រើប្រាស់ ឬ ប្រព្រឹត្តបទល្មើសណាមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ដល់២លានរៀល។

ចំពោះច្បាប់ដដែលសម្រាប់កុមារវិញ នៅក្នុងមាត្រា៤១ ទាក់ទងនឹងរូបភាព និងសម្ភារៈអាសអាភាសនៃកុមារបានចែងមកថា ជនណាដែលកាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ដល់៥ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៤លានរៀល ដល់១០លានរៀល។ ជនណាដែលផលិតរូបភាព និងសម្ភារៈអាសអាភាសនៃកុមារ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ៕

ដោយ​៖ តារា​


ចែករំលែក៖