ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៍ថា ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា គោលបំណងបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋ ឲ្យចេះស្រលាញ់ថែរក្សា និងជាពិសេសធ្វើការសម្អាតអនាម័យបរិស្ថានអោយបានល្អ។
ការមានប្រសាសន៍បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២៤ ដោយមានការចូលរួមពីសំណាក់ លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក មេបញ្ជាការរងផ្នែកសឹករងស្រុក មន្ត្រីមន្ទីរបរិស្ថានខេត្ត លោកនាយកវិទ្យាល័យរមាសហែក ក្រុមប្រឹក្សាឃុំកំពង់ត្រាច នាយកសាលាបឋមសិក្សារកំពង់ត្រាច លោកគ្រូ អ្នកគ្រូសិស្សានុសិស្សនិងអាជ្ញាធរដែលពាក់ព័ន្ធប្រមាណជាង ៤០០នាក់ កម្មវិធីនេះ ស្ថិតក្នុងទីប្រជុំជនក្នុងស្រុករមាសហែក ។
លោក ចាន់ ឈន់ អនុប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង បានអោយដឹងថា៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងដោយ អនុក្រឹត្យលេខ ៤៧ ៧អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ (២៩ឆ្នាំ) កន្លងមកហើយ។ ហើយ ក្នុងបណ្តាឆ្នាំកន្លងមក មន្ទីរបរិស្ថានខេត្តស្វាយរៀង តែងតែ រៀបចំពិធីទិវាអនាម័យបរិស្ថានជាតិ បរិស្ថានជាតិ២៣ វិច្ឆិកា ជារៀងរាល់ឆ្នាំ ខេត្តស្វាយរៀងបានរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដោយឡែកនៅក្នុងឆ្នាំ២០២៤នេះ មន្ទីរបរិស្ថាន ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ក្នុងបរិវេណសាលាស្រុករមាសហែកនាពេលនេះ ក្នុងគោលបំណងបំផុសស្មារតីផ្នត់គំនិតដល់ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្សានុសិស្ស កម្មករកម្មការនី និងអាជីវករ ឲ្យមានការផ្លាស់ប្តូរឥរិយាបថ ក្លាយជាចរន្តចលករ ដោយផ្តើមចេញពីបុគ្គលម្នាក់ៗ ឱ្យចេះទទួលខុសត្រូវចូលរួមប្រតិបត្តិ ភាពស្អាត បៃតង និងចីរភាព តាមរយៈធ្វើការសំអាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទុកដាក់សំរាម-សំណល់រឹងឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាល ជាពិសេសការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក និងចូលរួមធ្វើអនាម័យកែលំអសោភ័ណភាព ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ មជ្ឈដ្ឋានទីសាធារណៈ និងចូលរួមដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ សំដៅ រួមចំណែក ការកសាងសង្គមកម្ពុជា ឲ្យមានបរិស្ថានល្អ ស្ថានល្អស្អាត និងភាពស្រស់បំព្រង ប្រកបដោយផាសុខភាព និងសោភ័ណភាព រាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល អភិបាលស្រុក បានបន្ថែមថា ការរៀបចំនេះ គឺសំដៅ បញ្ជ្រាបផ្នត់គំនិតសាធារណជនគ្រប់ស្រទាប់ក្នុងការចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើការសម្អាត អនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងដាំដើម ឈើដើម្បីឲ្យមានភាពបៃតងស្រស់ ប្រកបដោយផាសុខភាព។ ទន្ទឹមនេះដែរ ការផ្លាស់ប្តូរឥរិយាបថ និង អាកប្បកិរិយារបស់មនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចំបាច់បំផុត។ ការបំពុល ដោយប្លាស្ទិកនឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងតែ គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង៕
ដោយ៖ សុថាន