កាលពីល្ងាចថ្ងៃទី ៦ខែវិច្ឆិកា អុីស្រាអែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើគោលដៅចំនួន ២០ នៅតំបន់ភាគខាងត្បូងរដ្ឋធានី Beirut ក្នុងរយៈពេល២នាទី មុនពេលបទឈប់បាញ់បានប្រកាស។
បទឈប់បាញ់មួយរវាងអ៉ីស្រាអែល នឹងក្រុមហេសបូឡាហ៍គាំទ្រដោយអ៉ីរ៉ង់ នឹងត្រូវចូលជាធរមាននៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បន្ទាប់ពីភាគីទាំង២ យល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក និងបារាំង។
លោក បៃដិន ដែលបានធ្វើការប្រកាសខាងលើនៅឯសេតវិមានកាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា នៅក្រោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលបោះឆ្នោតអនុម័តលើបទឈប់បាញ់ ក្នុងសំឡេងគាំទ្រ១០ ទល់នឹង ១សំឡេងជំទាស់ ក៏បានឱ្យដឹងដែរថា រូបលោកបានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងនាយករដ្ឋមន្ត្រីបណ្ដោះអាសន្នលីបង់ Najib Mikati។ បើតាមលោក បៃដិន បទឈប់បាញ់រវាងអ៉ីស្រាអែល នឹងហេសបូឡាហ៍ គឺមានរយៈពេល៦០ថ្ងៃ ហើយនឹងត្រូវចូលជាធរមាននៅម៉ោង ៤ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់)។
គួរបញ្ជាក់ថា នៅក្រោមបទឈប់បាញ់ អ៉ីស្រាអែលនឹងត្រូវដកកងទ័ពបន្តិចម្ដងៗចេញពីតំបន់ភាគខាងត្បូងនៃប្រទេសលីបង់ ក្នុងពេល៦០ថ្ងៃ រីឯកងទ័ពលីបង់នឹងត្រូវគ្រប់គ្រងទឹកដីនៅក្បែរព្រំដែនជាមួយអ៉ីស្រាអែល ដើម្បីធានាថាហេសបូឡាហ៍នឹងមិនអាចកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញនៅទីនោះបានទេ។
ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក ជម្លោះរវាងអ៉ីស្រាអែល នឹងហេសបូឡាហ៍ បានបង្ខំឱ្យប្រជាជនលីបង់ ១.២លាននាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និង មនុស្ស ៣ ៧៦៨នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេលត្រឹមតែ២ខែកន្លងមកនេះ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN