កាលពីថ្ងៃទី២៣ ខែសីហា ប្រធានាធិបតីអូបាម៉ា បានកាត់បន្ថយ ការសម្រាករបស់ខ្លួន ដោយវិលត្រឡប់ទៅកាន់រដ្ឋ Louisiana ដើម្បីត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ ក្រោយពេលមានព័ត៌មានរិះគន់ថា លោក អូបាម៉ា មិនទៅកាន់រដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Louisiana ចាប់តាំងពីខែសីហា មកទល់ពេលនេះ ។ ក្នុងពេលនោះ ប្រធានាធិបតីអូបាម៉ា បែរជាទៅកាន់កោះ Martha’s Vineyard សម្រាកកាយ២សប្តាហ៍ជាមួយគ្រូសារ ។
សារព័ត៌មានអាមេរិកបានវាយតម្លៃថា ទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋ Louisiana ធ្វើឲ្យគេនឹកឃើញដល់លទ្ធផល នៃព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ សម្លាប់មនុស្សជាង១.៨០០នាក់ ។ នៅពេលនោះ ប្រធានាធិបតី ប៊ូស រងការថ្កោលទោសយ៉ាងខ្លាំង ដែលមានប្រតិកម្មយឺតយ៉ាវចំពោះបញ្ហាខាងលើ ។
កាកបាទក្រហមអាមេរិកបានវាយតម្លៃគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Louisiana គឺជាគ្រោះធម្មជាតិអាក្រក់បំផុត បន្ទាប់ពីព្យុះ សានឌី បំផ្លាញឆ្នេរសមុទ្រភាគភាគខាងជើងប្រទេសនេះ កាលពីខែតុលា ឆ្នាំ២០១២។
នៅសល់ពេលជាង២ខែទៀតប៉ុណ្ណោះ ដល់បោះឆ្នោតអាមេរិក បានជាពលរដ្ឋអាមេរិកទាំងមូលចាប់អារម្ភទៅលើប្រតិកម្មរបស់បេក្ខភាពទាំងពីររូបទៅលើគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Louisiana ។
កាលពីចុងសប្តាហ៍កន្លងមក បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល ត្រាំ បានទៅកាន់រដ្ឋLouisiana មុនបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ នៅពេលនោះ លោកត្រាំ បានថ្កោលទោសដល់គូប្រជែងរបស់ខ្លួន និងប្រធានាធិបតីអូបាម៉ា ថា លោកអូបាម៉ា គួរតែបោះបង់ទីលានវាយកូនហ្គោលហើយមកកាន់ទីនេះ ។
ក្នុងពេលនេះដែរ អ្នកនាំពាក្យ ប្រធានាធិបតីអូបាម៉ា លោក Josh Earnest បញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបំពេញការងាដោយប្រសិទ្ធភាព មិនចាំបាច់ប្រធានាធិបតីមកកាន់ទីនោះក៏បាន។ ខុសប្លែកទៅនឹងព្យុះកាទ្រីណា កម្លាំងគ្រប់គ្រងគ្រោះអាសន្នបានបំពេញការងារយ៉ាងឆាប់រហ័ស ។ មន្ត្រីក្នុងរដ្ឋបានប្រកាសអាសន្ននៅក្នុងស្រុកចំនួន២២ ក្នុងចំណោម៦៤ស្រុក ក្នុងរដ្ឋ Louisiana ដើម្បីឲ្យថ្នាក់លើជួយទាន់ពេលវេលា។
គ្រោះទឹកជំនន់បានក្លាយទៅជាប្រធានបទថ្មីមួយទៀត សម្រាប់ការវាយប្រហារគ្នាទៅវិញទៅមករបស់បេក្ខភាពប្រធានាធិបតីក្នុងការស្វែងរកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ៕ ម៉ែវ សាធី