ខេត្តបន្ទាយមានជ័យ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ៖ ប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្រ្គាម ហើយក៏បានយល់ច្បាស់ពីផលវិបាកនៃសង្រ្គាមនេះដែរដែលយើងមិនចង់ជួបទៀតទេ។ សម្តេចធិបតី បានបន្តថា ៖ សង្រ្គាមភាគច្រើនកើតឡើងដោយសារ ការបែកបាក់ជាតិ ធ្វើឱ្យប្រជាជនមានជម្លោះផ្ទៃក្នុង ដូចដែលពួកប្រឆាំងបានញុះញង់កន្លងមក។
ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពួកប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាព្រំដែននិងបញ្ហាសង្គម ដើម្បីបង្កជម្លោះរវាងប្រជាជននិងប្រជាជន ធ្វើឱ្យខ្មែរស្អប់គ្នា បាត់បង់សាមគ្គីភាពគ្នា ដែលចំណុចនេះគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ខ្មែរយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាប្រជាជនខ្មែរយើង ឈ្លោះទាស់ទែងគ្នាបែងចែកបក្ខពួកគ្នា វាជារឿងគ្រោះថ្នាក់បំផុតដែលអាចធ្វើឱ្យសង្គមជាតិយើងបែកបាក់គ្នា រហូតឈានដល់សង្រ្គាមទៀតផង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា អំពាវានាវដល់ពលរដ្ឋសិក្សាឱ្យបានច្បាស់ទៅលើប្រវត្តិសាស្រ្ដរបស់កម្ពុជា ដែលឈានទៅបង្កើតសង្គ្រាម បាត់បង់សន្ដិភាពគឺដោយសារតែមានការឃោសនាពីក្រុមជ្រុលនិយម។ សម្ដេចធិបតី បន្ត អំពាវនាវដល់ប្រជាពលរដ្ឋកុំចាញ់កលការឃោសនារបស់ក្រុមជ្រុលនិយមលើរឿងបូរណភាពទឹកដី ឬរឿងព្រំដែនដែលពួកគេកំពុងញុះញង់ឱ្យពលរដ្ឋងើបឡើង ដុតប្រទេសខ្លួនឯង។
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា ៖ សមិទ្ធផលដែលបានកើតឡើងនៅ ក្នុងតំបន់អភិវឌ្ឍន៍តេជោ ឈ្នះ ឈ្នះ នាពេលនេះ គឺដោយសារបងប្អូនបានជឿទុកចិត្តដល់នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន តែប្រសិនបើបងប្អូនបន្តស្តាប់ការញុះញង់ និងអុចអាលរបស់ខ្មោចគណបក្សប្រឆាំងនោះ ប្រហែលមិនទាន់មានការអភិវឌ្ឍដូចថ្ងៃនេះនោះឡើយ៕
ដោយ ៖ សិលា