ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមចូលរួមជាមួយពិភពលោក ទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍”។
សម្តេចបន្តថា ៖ ទិវានេះត្រូវបានប្រារព្ធឡើង ដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ក្នុងការចូលរួមចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាល នៃមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅ បញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកថា ៖ វឌ្ឍនភាពដ៏ច្រើននៃការឆ្លើយតបនឹងមេរោគអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ ជាមួយនឹងវឌ្ឍនភាពនៃការការពារសិទ្ធិមនុស្ស។ បន្ថែមលើនេះ វឌ្ឍនភាពដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ក៏បានធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរក្នុងការអនុវត្តសិទ្ធិនៃការទទួលបានការថែទាំសុខភាព របស់ប្រជាជន និងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផល ដែលយើងសម្រេចបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖
១- នៅឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ២- ចំនួននៃការឆ្លងថ្មីបានធ្លាក់ចុះពី ១ ៤០០នាក់ ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១ ២០០នាក់ នៅឆ្នាំ២០២៣។
៣- អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ កំពុងទទួលបាននូវ ផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ។
គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាស ទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍សកម្មកំពុងទទួលបាន ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៤៦ ២០២នាក់ (ស្មើនឹង ៦៧%) នៃ ៦៩ ៤១៣នាក់ បានទទួលបណ្ណសមធម៌។
៤- ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។
៥- ប្រទេសកម្ពុជាកំពុងពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅជំរុញចរន្តជាតិមួយដ៏មុតស្រួច ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ជាមួយនឹងសមិទ្ធផលខាងលើ យើងទាំងអស់គ្នាត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះ ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវដើរតួនាទីនាំមុខ និងជាអ្នកសម្របសម្រួលកម្មវិធីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ដោយគ្មានការរើសអើងមាក់ងាយ និងផ្តោតការយកចិត្តទុកដាក់ ជាពិសេសចំពោះ ប្រជាជនគន្លឹះ រួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយ អ្នកប្រើប្រាស់ គ្រឿងញៀន និងក្រុមយុវវ័យ ដែលត្រូវទាក់ទាញឱ្យមកធ្វើតេស្តរកមេរោគអេដស៍ឱ្យបានច្រើនជាទីបំផុត។ ដើម្បីឈានទៅ សម្រេចជោគជ័យនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនេះ គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្តល់ មធ្យោបាយបង្ការ និងផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ការប្រើឱសថបង្ការ មុនការប្រឈម (PrEP) ការប្រើឱសថបង្ការក្រោយការប្រឈម (PEP) និងការធ្វើតេស្តកមេរោគអេដស៍ជាដើម។ ទន្ទឹមនឹងនេះ យើងត្រូវរួមគ្នាធ្វើយ៉ាងណាបញ្ចប់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូនតាមមាគ៌ារបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ។ នេះបើយោងតាម សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ថ្ងៃអាទិត្យ ១ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕
ដោយ ៖ សិលា