ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​រៀប​ចំ​ដែនដី​៖​ ដៃស្នា មានតួនាទីលើសពីគ្រឿងបង្គុំ 🌿🇰🇭

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះថា៖​ ដៃស្នា គឺជាសមាសធាតុម្យ៉ាងក្នុងស្ថាបត្យកម្មដែលគេប្រើវាសម្រាប់ទ្រដំបូលផង និងជាសោភ័ណ្ឌភាពផង ហើយវាអាចដាក់នៅតាមសសរ ឬជញ្ជាំងសម្រាប់ជាទម្រ។ 

ក្រសួង​រៀប​ចំ​ដែនដី​ បានបញ្ជាក់ថា​ ដៃស្នាផលិតពី ឈើ ដែក ស៊ីម៉ង់ត៍ ឬថ្ម ទៅតាមរចនាបថស្ថាបត្យកម្មផ្សេងៗ ព្រោះអាស្រ័យតាមភាពច្នៃប្រឌិតរបស់ស្ថាបត្យករដែលមានគំនិតក្នុងការច្នៃក្នុងទម្រង់រូបរាងផ្សេងៗ។

តួនាទីរបស់ដៃស្នាក្នុងស្ថាបត្យកម្មរួមមាន៖

១. ទម្រគ្រឿងបង្គុំ៖ វាមាននាទីជួយទ្រគ្រឿងបង្គុំបន្ថែម ដែលយើងស្វែងរកវាបន្ថែមតាមដំបូល ឬស្លាបដំបូលនានាដោយវានៅជាប់សសរ និងជ្រែងទប់នឹងផ្ទោង។

២. ពង្រឹងបន្ថែមតំណភ្ជាប់៖ ក្រៅពីទប់កម្លាំង វាជួយក្នុងការពង្រឹងកម្លាំងសង្កត់បន្ថែមត្រង់ចំណុចភ្ជាប់រវាងសសរ ជញ្ជាំង ធ្នឹម ឬដំបូល។

៣. តុបតែងលម្អ៖ វាមិនត្រឹមតែជាអ្នកជួយទប់កម្លាំងសង្កត់ទេ តែវាក៏ជួយលើកសម្រស់របស់អគារ ឬលំនៅដ្ឋានបន្ថែម ភាគច្រើននៅតាមសសរ។

៤. សារៈសំខាន់នៃវប្បធម៌៖ ពេលខ្លះវាត្រូវបានប្រើប្រាស់ជាអត្តសញ្ញាណនៃអគារទៅតាមរចនាបថស្ថាបត្យកម្ម។ យើងអាចស្វែងរកដៃស្នាក្នុងស្ថាបត្យកម្មវត្តអារាម គឺជាឍរា កេន្នរ ។ល។

៥. ប្រវត្តិសាស្ត្រ៖ គេអាចកត់សម្គាល់វាបានទៅតាមរចនាបថដៃស្នា ដែលគេអាចសន្មត់ទៅតាមអាយុកាល នោះគេអាចយល់ពីរចនាបថរបស់តំបន់ប្រវត្តិសាស្ត្រណាមួយ៕

ដោយ​៖ តារា​


ចែករំលែក៖