ព័ត៌មានទាន់ហេតុការណ៍៖

លោក Netanyahu បានព្រមានអុីរ៉ង់អំពីចេតនារបស់ខ្លួនក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន និងប្រើប្រាស់ធនធានដែលអាចធ្វើទៅបាន ដើម្បីរារាំងប្រទេសអុីរ៉ង់ពីការកាន់កាប់អាវុធនុយក្លេអ៊ែរ។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍លេខ 14 កាលពីថ្ងៃទី 28 ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានព្រមានថា ប្រទេសនេះនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារអុីរ៉ង់ពីការកាន់កាប់អាវុធនុយក្លេអ៊ែរក្នុងបរិបទដែលទីក្រុងតេអេរ៉ង់កំពុងរៀបចំចរចាជាមួយបណ្តាប្រទេសអឺរ៉ុបអំពីបញ្ហានេះ។
លោក Netanyahu បាននិយាយថា “ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ស្កាត់ អុីរ៉ង់ ពីការក្លាយជាមហាអំណាចនុយក្លេអ៊ែរ ខ្ញុំនឹងប្រើប្រាស់គ្រប់ធនធានទាំងអស់តាមលទ្ធភាពរបស់ខ្ញុំ” ។
បច្ចុប្បន្ននេះ គ្មានប្រទេសណាមួយនៅមជ្ឈិមបូព៌ាមានអាវុធនុយក្លេអ៊ែរទេ។ ទោះបីជាយ៉ាងណាក៏ដោយ អុីស្រាអែលត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែរ ទោះបីជាទីក្រុង Tel Aviv មិនបានបញ្ជាក់អំពីរឿងនេះក៏ដោយ។
លោក នេតាន់យ៉ាហ៊ូ បានលើកឡើងយ៉ាងដូច្នេះ នៅមុនពេលកិច្ចខិតខំប្រឹងប្រែងរវាងអ៊ុីរ៉ង់ នឹងមហាអំណាចអឺរ៉ុបចំនួនបី គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីរៀបចំការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាថា អនុរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ អង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងពិភាក្សាអំពីបញ្ហាក្នុងតំបន់ជាច្រើន រួមទាំងសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រទេសលីបង់ ក៏ដូចជាសំណួរជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
លោក Baghaei មិនបានបញ្ជាក់ពីទីតាំងនៃការចរចានោះទេ ប៉ុន្តែប្រភពពី Kyodo News បាននិយាយថា អ្នកការទូតនឹងជួបគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្រសួងការបរទេសស្វីសបានបដិសេធមិនបញ្ជាក់ព័ត៌មាននេះទេ។
យោងតាមសារព័ត៌មាន Kyodo News ការចរចានេះគឺជាការខិតខំប្រឹងប្រែងរបស់ទីក្រុងតេអេរ៉ង់ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានុយក្លេអ៊ែរអុីរ៉ង់ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ត្រឡប់ទៅសេតវិមានជាផ្លូវការ។
ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី លោក Trump បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអុីរ៉ង់ នឹងសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់ (ក្រុម P5+1) ដែលបណ្តាលឱ្យអុីរ៉ង់ឆ្លើយតបជាមួយនឹងការប្រកាសមួយ ការកាត់បន្ថយការអនុលោមតាមកិច្ចព្រមព្រៀងនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian កាលពីថ្ងៃទី 28 ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអុីរ៉ង់លោក Seyed Abbas Araghchi បានព្រមានថា អុីរ៉ង់មានការខកចិត្តដែលការប្តេជ្ញាចិត្តរបស់លោកខាងលិច ដូចជាការដកទណ្ឌកម្មតម្រង់ទៅលើទីក្រុង Tehran មិនត្រូវបានសម្រេច៕ ដោយ៖ ធីរីណា

រូប​ថត​៖ PLO


ចែករំលែក៖