ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលលើកពី “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍”

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកពី “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” គឺទាមទារឱ្យប្រទេសជាសមាជិក ជាពិសេសប្រទេសកម្ពុជា ធ្វើសកម្មភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ដោយត្រូវលើក កម្ពស់គុណភាព និងស័ក្តិសិទ្ធភាពនៃសេវាព្យាបាល ថែទាំ ការធ្វើតេស្ត និងការបង្ការមេរោគអេដស៍។

សម្តេចធិបតីលើកថា ៖ ដើម្បីសម្រេចបាននូវការបញ្ចប់អេដស៍ ដែលកំពុងបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ ខ្ញុំសូមលើកឡើងនូវចំណុចមួយចំនួនដូចខាងក្រោម៖

ទី១- អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវបន្តដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់។

ទី២- គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់ ត្រូវចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មជាទីបំផុត។

ទី៣- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ក្នុងនោះរួមមានការជំរុញការប្រើប្រាស់ ស្រោមអនាម័យ កម្មវិធីប្រើឱសថបង្ការមុនការប្រឈម (PrEP) និងកម្មវិធីប្រើឱសថបង្ការក្រោយ ការប្រឈម (PEP) ជាដើម។

ទី៤- ក្រសួងសុខាភិបាលត្រូវខិតខំបញ្ចូលសេវាថែទាំព្យាបាលអ្នកផ្ទុកមេរោគអេដស៍ក្នុងប្រព័ន្ធសុខាភិបាល ដោយបង្កើនទីតាំងធ្វើតេស្ត និងទីតាំងផ្តល់សេវាថែទាំព្យាបាលជំងឺអេដស៍ឱ្យបានទូលំទូលាយ និង យ៉ាងឆាប់រហ័ស។

ទី៥- ក្រសួងសុខាភិបាលត្រូវពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំ និងព្យាបាលឱ្យសម្រេចបាននូវស្ថានភាពរក មេរោគមិនឃើញ (Undetectable) ចំពោះអ្នកផ្ទុកមេរោគអេដស៍ ដើម្បីកាត់បន្ថយការចម្លងមេរោគអេដស៍។

ទី៦- ក្រសួងសុខាភិបាលត្រូវសិក្សា និងចាត់វិធានការ ដើម្បីកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់អង្គការដៃគូជាតិ និងអន្តរជាតិ សូមជួយគាំទ្រ ការពង្រឹងប្រព័ន្ធជាតិ តាមរយៈការបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសក្នុងការងារឆ្លើយតបមេរោគអេដស៍ និង ជំងឺអេដស៍ក្នុងប្រទេស ក្រោមការដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ត្រូវធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល វិស័យឯកជន ក្រុមអ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ ដើម្បីលុបបំបាត់ការចម្លង មេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ និងជំងឺអេដស៍។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ ជាថ្មីម្តងទៀត សូមឧទ្ទិសខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកប្រយុទ្ធនឹងជំងឺ អេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” ឆ្ពោះទៅសម្រេចគោលដៅ ទាំងបី ដែលបានកំណត់ គឺគោលដៅទី១. កាត់បន្ថយករណីឆ្លងថ្មីនៃមេរោគអេដស៍ក្នុងរង្វង់ចំនួនជាង ២០០នាក់ ក្នុងមួយឆ្នាំ គោលដៅទី២. កាត់បន្ថយអ្នកស្លាប់ដោយសារជំងឺអេដស៍មកតិចជាងចំនួន ២០០នាក់ ក្នុងមួយឆ្នាំ និង គោលដៅទី៣, គ្មានការមាក់ងាយ រើសអើងអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះ៕

ដោយ ៖ សិលា


ចែករំលែក៖