ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើរាជរដ្ឋាភិបាលពិតជាចង់ធ្វើបាបប្រជាជនដូចការចោទប្រកាន់មែនឬ?

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងដោះស្រាយអោយអ្នកអត់ដីពិតប្រាកដដោយផ្តល់ដីសម្បទានសេដ្ឋកិច្ច ពោលគឺរាជរដ្ឋាភិបាលមានកម្មវិធី «ផ្តល់ដីការពារព្រៃ» គឺសម្រាប់ប្រជាជនដែលអត់ដីពិតប្រាកដ ដែលកម្មវិធីនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៥តទៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយជឿតាមការបំផុសបំផុលរបស់ក្រុមប្រឆាំងថានឹងផ្តល់ដីអោយ និងចោទរដ្ឋាភិបាលថា ប្លន់ដីប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋគ្មានគោលនយោបាយធ្វើបាបប្រជាពលរដ្ឋ ឬដណ្តើមដីប្រជាពលរដ្ឋទេ គឺមានតែចែកដីជូនប្រជាពលរដ្ឋដែលពុំមានដីពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធសមិទ្ធផលនានាក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ»នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកឲ្យលោក សម រង្ស៊ី មេដឹកនាំក្រុមចលនាប្រឆាំងខុសច្បាប់នៅក្រៅប្រទេស ដែលធ្វើនយោបាយតាំងពីមានមនុស្សច្រើន រហូតគេរត់ចោលអស់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកណាស្រែកនៅក្រៅអីស្រែកទៅ! (សម រង្ស៉ី) អស់ខ្យល់ទៅហើយ ខ្ញុំអាណិតដែរ ពេលខ្លះ។ ឥលូវក្មេងៗ ដែលធ្លាប់ជឿគាត់ ដើរចោលគាត់អស់ទៅហើយ។ កាលមុនថា អ្នកនយោបាយជំនាន់គាត់ចុះ (ដើរចោល) អតីតសមាជិកសភា គណបក្សសង្គ្រោះជាតិអី ធ្លាប់នៅជាមួយគាត់ ដើរចូលមកគណបក្សប្រជាជនកម្ពុជាហើយ។ ឥលូវ សូម្បីក្មេងៗនៅជប៉ុន នៅអីដើរចោលគាត់ទៀត …. ដោយសារកាត់និយាយទៅវ៉ល់ៗ (មិនច្បាស់) ច្រើនពេក ហើយសម្រាប់ប្រជាពលរដ្ឋយើង ងាយស្រួលក្នុងការដឹង និងយល់» ៕

ដោយ ៖ សិលា


ចែករំលែក៖