ខេត្តកណ្តាល ៖ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ជំរុញឱ្យមានកែប្រែទាំងផ្នត់គំនិត និងឥរិយាបថ របស់ប្រជាពលរដ្ឋយើង ឱ្យចេះស្រឡាញ់បរិស្ថាន មានស្មារតីទទួលខុសត្រូវក្នុងការចូលរួម រើសសំរាម សំអាតភូមិដ្ឋាន ការបង្កើនគម្របបៃតង អភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅ និងអភិវឌ្ឍន៍ដោយចីរភាព ។ នេះជាការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅវិទ្យាល័យ សាន់នីវូ សំរោងធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក បានបន្ថែមថា ដើម្បីកម្ពុជាស្អាត ទីក្រុង ទីប្រជុំជន ជាពិសេសផ្ទះយើងស្អាត យើងត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងទុកដាក់សំរាមសំណល់រឹង សំណល់រាវ ឱ្យបានត្រឹមត្រូវ ចូលរួមអនុវត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងថង់ប្លាស្ទិក ចេះវេចខ្ចប់ និងញែកសំរាម តាមប្រភេទ ដូចជា សំណល់អាចកែឆ្នៃបាន (សំណល់អេតចាយ) សំណល់សរីរាង្គដែលពុកផុយរលួយ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗទៀត ដើម្បីយកសំណល់មួយចំនួន ឱ្យមានតម្លៃខាងសេដ្ឋកិច្ច កាត់បន្ថយបរិមាណសំរាមសំណល់រឹង នៅតាមទីលាន ឬតាមរណ្តៅចាក់សំរាម និងរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អ ស្អាត បៃតង និងចីរភាព ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ហើយដែលត្រូវអនុវត្តដើម្បីកម្ពុជាឆ្ពោះទៅសម្រេច ទស្សនវិស័យឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ និងជាប្រទេសអព្យាក្រឹតកាបូន។ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៅតាមសាលារៀនទាំងអស់ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបន្តអនុវត្តយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការសម្អាតបរិស្ថាន «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឱ្យបានច្រើនឡើងថែមទៀត ដើម្បីឈានទៅសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត ជូនជាតិ មាតុភូមិ។
ក្នុងឱកាសនោះ លោម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រជំរុញឱ្យយុទ្ធនាការក្រសួងបរិស្ថាន ឱ្យក្លាយជាសកម្មភាព ដើម្បចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន នៅក្នុងមូលដ្ឋានឱ្យបានផុសផុលថែមទៀត ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យទទួលបានភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីប្រែក្លាយឱ្យខេត្តកណ្តាលស្អាត កម្ពុជាស្អាត មានបរិស្ថានល្អ មានសោភ័ណភាព និងការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគបន្ថែមទៀត សម្រាប់ឧត្តមប្រយោជន៍ បម្រើជូនប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្រសួងបរិស្ថាន បានខិតខំលើកកម្ពស់ ប្រសិទ្ធភាពការងារតាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើបប្រើប្រាស់បច្ចេកវិទ្យាថ្មី និងកែលម្អនូវក្របខណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់។ យុទ្ធសាស្រ្តទី១ ភាពស្អាត នៃយុទ្ឋសាស្រ្តចក្រាវិស័យបរិស្ថាន ផ្កោតលើ (ស្អាតលើដី-ក្នុងទឹក-និងលើមេឃ)។ ស្អាតលើដី ផ្តើមចេញពីយុទ្ធនាការ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន វត្តអារាម រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ និងវិស័យឯកជន ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ជាលទ្ធផលគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ»មានសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចូលរួមប្រមាណ ៩លាន ៧សែននាក់ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួនជាង៣លាន ៦សែននាក់។ ក្រសួងបរិស្ថាន បាននិងកំពុងចែកជូនធុងសំរាម ដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមានធុងដាក់សំរាមឱ្យបានត្រឹមត្រូវ មានភាពស្អាត មិនមានសំរាមរាយប៉ាយធ្វើឱ្យប្រសើរឡើង នូវគុណភាពបរិស្ថាននៅក្នុងមូលដ្ឋាន និងក្នុងគោលបំណងសម្រេចបានផែនការសកម្មភាពជាយុទ្ធសាស្រ្ត «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក តាមដងផ្លូវ ចិញ្ចើមផ្លូវជាតិនៅឆ្នាំ២០២៥»៕
ដោយ ៖ សិលា