ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣០ថ្ងៃ! រកឃើញយានយន្តល្មើសសរុបចំនួន ៨,២៨២គ្រឿង​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហាញពី​របាយការណ៍លទ្ធផល​ក្នុងរយៈពេល​ ៣០ថ្ងៃ ពោល​គឺ​ចាប់ពីថ្ងៃទី១-៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសសរុបចំនួន ៨,២៨២គ្រឿង​ ក្នុងនោះរួមមាន​៖​ រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ៣,៥៣៥គ្រឿង និងម៉ូតូ ៤,៦១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។​ ខណៈ​យានយន្តចូលគោលដៅចំនួន ១១,០៥៤គ្រឿង, រថយន្តធំ ២២៨គ្រឿង, រថយន្តតូច ៤,៧៧៤គ្រឿង, ម៉ូតូ ៥,៨៥២គ្រឿង ។

ជាមួយគ្នានេះ​ នាយកដ្ឋាននគរបាលចរាចរណ៍​ ក៏បានបង្ហាញ​ពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ប្រចាំថ្ងៃ ខណៈ​កម្លាំង​សមត្ថកិច្ច​ រកឃើញយានយន្តល្មើសចំនួន ៣២២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ នាថ្ងៃទី​៣០ ខែវិច្ឆិកានេះដែរ។ 

ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ១៩៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧១គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ២០២គ្រឿង និងម៉ូតូ ២៦៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣២២គ្រឿង, រថយន្តធំ ៥ គ្រឿង, រថយន្តតូច ១៧៤គ្រឿង និងម៉ូតូ ១៤៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ​៖ តារា​


ចែករំលែក៖