ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនបុរសជាកម្មករឡឥដ្ឋម្នាក់រឹបអូសគ្រឿងញៀនមួយកញ្ចប់ធំ

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់មានមុខរបរជាកម្មករឡឥដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេរនៅលើខ្លួនប្រាណ រកឃើញមានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ។ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ចាន់ ឈន ហៅឈុជ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករឡឥដ្ឋ មានទីលំនៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចប៉ូលិសធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ, ទូរស័ព្ទដៃម៉ាកណូគាចុចពិល០១គ្រឿង, កាបូបដៃពណ៌សុកូឡាចំនួន០១, កាតគ្រីម៉ូតូ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ០១សន្លឹក និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។

ប្រភពដដែលបានបន្តថា ជនល្មើសខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនឧស្សាហ៏ចូលមកធ្វើសកម្មភាពនៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ។ នៅមុនពេលចាប់ខ្លួនសមត្ថកិច្ចទទួលបានព័ត៌មានថា ជនល្មើសជិះម៉ូតូទៅទិញគ្រឿងញៀនពីមេក្លោងនៅម្តុំមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ដើម្បីយកមកជួញដូរនៅក្នុងភូមិសាស្ត្រឃុំអន្លង់រមៀត ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍ ចុះចាំឃ្លាំមើល រហូតប្រទះឃើញជនល្មើសដើរចូលទៅធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់នៅម្តុំបន្ទប់ជួលរបស់ឈ្មោះ ថន សាលីន ទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួន ឆែកឆេររកឃើញមានវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ase (1) ase ase (2)

 


ចែករំលែក៖