ខេត្តកំពង់ចាម៖ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រម១ខ្នង “អនុវិទ្យាល័យបឹងកុក” ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សម្តេចតេជោ បានអញ្ជើញមកនេះ គឺតបតាមតាមសំណូមពរ comment មកកាន់គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ពីឈ្មោះ Chhym Chan thouern ដែលជានាយកសាលានេះតែម្តង ”សូមសម្តេច មេត្តា មេត្តា មេត្តា អញ្ជើញ មកពិនិត្យអាគារចាស់១ខ្នង ១១ បន្ទប់ នៅអនុវិទ្យាល័យបឹងកុក ភូមិទី១៤ សង្កាត់កំពង់ចាមផងចុះ” ។
ក្រោយពីបានពិនិត្យអាគារសិក្សាដែលមានសភាពចាស់ទ្រុតទ្រោម និងក្រោយពីបានស្តាប់យោបល់ និងកង្វល់លោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានធ្វើអំណោយអាគារសិក្សាថ្មី១ខ្នង ៣ជាន់ ១៨ បន្ទប់ ដោយវាយអាគារសាលាចាស់នេះចេញ និងសាងសង់ទីចាត់ការ១ខ្នង៣បន្ទប់ និងរៀចំអោយមានជាសាលសហសិក្សាថែមទៀតផង។ ទន្ទឹមនឹងនោះ នឹងមានរៀបចំអោយមានតារាងបាលទះ និងបាលទាត់សម្រាប់កូនក្មួយសិស្សានុសិស្សផងដែរ។
សូមក្មួយៗ និងចៅៗទាំងអស់ខិតខំសិក្សាធ្វើជាកូនល្អ និងពលរដ្ឋល្អរបស់ប្រទេសជាតិ ហើយត្រូវចៀសចេញអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង។ សូមអរគុណ លោកគ្រូអ្នកគ្រូដែលបានយកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំអោយកាន់តែមានប្រសិទ្ឋិភាពល្អប្រសើរនៅតាមបណ្តាខេត្តទូទាំងប្រទេស ៕
សូមអានបន្ត ៖ ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ